វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា វិមានក្រឹមឡាំង និងសេតវិមាន បានឲ្យដឹងកាលពីថ្ងៃអង្គារ ស្របពេលមានជម្លោះទៅលើរឿងជ្រៀតជ្រែកការបោះឆ្នោត ដែលជាការវាយប្រហារតាមអ៊ីនធើរណេត បញ្ហាសិទ្ធិមនុស្ស និងជម្លោះអ៊ុយក្រែន ។
កាលពីដើមខែនេះ បណ្តាសារព័ត៌មានមួយចំនួនបានរាយការណ៍ថា ប្រទេសទាំងពីរ មានក្តីរំពឹងតិចតួចបំផុតដែលនឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល ដែលជារបៀបមួយបង្កើតឲ្យមានការបន្ធូរបន្ថយលើការមិនចុះសម្រុងនឹងគ្នា របស់ប្រទេសទាំងពីរ ។
លោក Jen Psaki អ្នកនាំពាក្យមកពីសេតវិមាន បានលើកឡើងកាលពីថ្ងៃអង្គារថា “បណ្តាមេដឹកនាំ នឹងជួបពិភាក្សាគ្នាពេញលេញអំពីកម្រិតនៃសម្ពាធ ដែលបង្កជាបញ្ហាជាច្រើន ខណៈដែលយើងស្វែងរកការស្តារឡើងវិញ ពីការប្រមើលមើល និងស្ថិរភាពដល់ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក” ។
វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាទៅលើចំណងទ្វេភាគី បញ្ហានានាដែលមានទំនាក់ទំនងទៅនឹងស្ថិរភាពនៃយុទ្ធសាស្ត្រ នុយក្លេអ៊ែរ និងបញ្ហាជាច្រើនទៀត ក្នុងនោះរាប់ទាំងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ និងជម្លោះនៅក្នុងតំបន់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា