ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអាមេរិក នឹងចាប់ផ្តើម សមយុទ្ធយោធា នៅសមុទ្រខ្មៅ បើទោះជាមានការ តវ៉ាពីរុស្ស៊ី

បរទេស ៖ ប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធ យោធាមួយ ដែលមានការចូលរួមដោយ ប្រទេសជាង៣០ នៅតំបន់សមុទ្រខ្មៅ និងនៅប្រទេសអ៊ុយក្រែន ភាគខាងត្បូង បើទោះជាប្រទេសរុស្ស៊ី បានស្នើឲ្យលុបចោល សមយុទ្ធនានា ក៏ដោយ ។

សមយុទ្ធយោធា Sea Breeze 2021 នេះ គឺត្រូវបានធ្វើឡើង ក្រោយមានការកើនឡើង នៃភាពតានតឹង រវាងអង្គការណាតូ និងទីក្រុងមូស្គូ ដែលនិយាយកាល ពីសប្ដាហ៍មុនថា ខ្លួនបានបាញ់គ្រាប់ព្រមាន និងទម្លាក់គ្រាប់បែក នៅតាមផ្លូវធ្វើដំណើររបស់នាវាចម្បាំង អង់គ្លេសមួយគ្រឿង ដើម្បីបណ្ដេញវាឲ្យចេញ ពីសមុទ្រខ្មៅ នៅក្បែរតំបន់ឆ្នេរនៃតំបន់គ្រីមា ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Journal Beat បានរាយការណ៍នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា សមយុទ្ធយោធា Sea Breeze 2021 នេះ នឹងប្រព្រឹត្តទៅរយៈពេលពីរសប្ដាហ៍ ហើយនឹងមានការចូលរួមដោយបុគ្គលិក យោធាចំនួន ប្រមាណ៥.០០០នាក់ មកពីអង្គការណាតូ និងសម្ពន្ធមិត្តផ្សេងទៀត និងនាវា ចំនួនប្រហែល៣០គ្រឿង និងយន្តហោះ៤០គ្រឿង ។ នាវាពិឃាតសមត្ថភាពមីស៊ីលអាមេរិក USS Ross និងកងកម្លាំងម៉ារីន អាមេរិក ក៏នឹងចូលរួមក្នុងសមយុទ្ធនេះផងដែរ ។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងទីក្រុងកៀវនិងទីក្រុងមូស្គូ បានធ្លាក់ចុះជាខ្លាំង បន្ទាប់ពីប្រទេសរុស្ស៊ី បានដណ្ដើម យកតំបន់គ្រីមា និងព្រោះតែការគាំទ្រ របស់រុស្ស៊ី ចំពោះក្រុមពួកបះបោរ នៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន ភាគខាងកើត ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top