បរទេស៖រោងចក្រថាមពល នុយក្លេអ៊ែអ៊ីរ៉ង់ Bushehr បានចាប់ផ្តើមបន្តប្រតិបត្តិការវិញ ក្រោយត្រូវបានបិទផ្អាកដំណើរការកាលពី២សប្ដាហ៍មុន សម្រាប់ការរុះរើជួសជុល នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ផ្សាយនៅថ្ងៃសៅរ៍នេះ។
អ្នកនាំពាក្យឲ្យក្រុមហ៊ុនថាមពលរដ្ឋ TAVANIR លោក Mostafa Rajabi Mashhadi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយធ្វើការជួសជុល រោងចក្រថាមពល Bushehr បានវិលត្រឡប់មកដំណើរការវិញ ហើយអគ្គិសនី១០០០មេហ្គាវ៉ាត់ នឹងត្រូវបញ្ចូលទៅក្នុងបណ្ដាញចែកចាយរបស់ប្រទេស”។
តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខនឹងការដាច់ភ្លើង ដែលក្រុមមន្ត្រីបានបន្ទោសលើតម្រូវការអគ្គិសនីកើនឡើងខ្ពស់ នៅក្នុងអំឡុងរដូវក្តៅដែលមានអាកាសធាតុក្តៅនិងស្ងួត។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែ Bushehr និងរ៉េអាក់ទ័រ១.០០០មេហ្គាវ៉ាត់របស់វា ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់នេះ គឺត្រូវការកសាងឡើងដោយរុស្ស៊ី និងបានប្រគល់ឲ្យអ៊ីរ៉ង់ជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ បើទោះជាមានក្តីព្រួយបារម្ភជុំវិញ ទីតាំងវាស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ ដោយសារការរញ្ជួយដីក៏ដោយ៕ប្រែសម្រួល៖ប៉ាង កុង