ព័ត៌មានអន្តរជាតិ

រុស្ស៊ី សង្ឃឹមចាប់ផ្តើមកិច្ចពិភាក្សា ស្ថិរភាពយុទ្ធសាស្ត្រ ជាមួយអាមេរិក ក្នុងខែនេះ

បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រនុយក្លេអ៊ែដោយបើកចំហ ជាមួយសហរដ្ឋអាមេរិក នៅក្នុងខែនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាក្នុងជំនួបកំពូលក្នុងទីក្រុងហ្សឺណែវ កាលពីខែមុនថា នឹងចាប់ផ្តើមកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគីមួយ ដើម្បីដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងអាវុធអនាគត និងវិធានការកាត់បន្ថយហានិភ័យ។

ការប្រកាសបែបនោះរបស់មេដឹកនាំទាំងពីរ គឺបានបង្ហាញពីការបោះជំហានដំបូង ក្នុងអ្វីដែលអាចជាដំណើរការដ៏វែងឆ្ងាយនិងប្រកបដោយភាពចម្រូងចម្រាស់ ដើម្បីបង្កើតការវិវត្តទៅមុខលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ក្រោយមានការជាប់គាំងអស់រយៈពេលជាងមួយទសវត្ស។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញនៅក្រោយជំនួបកាលពីថ្ងៃទី១៦ ខែមិថុនា លោកប្រធានាធិបតីទាំងពីររូបបាននិយាយថា កិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានគ្រោងនឹងចាប់ផ្តើម នឹងត្រូវបានបញ្ចូលរួមគ្នាប្រកបដោយចេតនាដ៏រឹងមាំ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top