ម៉ាស៊ីនគម្រូ iPhone 13 ត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនផ្សេងៗ ដែលត្រូវការ ដូចជាក្រុមហ៊ុន ផលិតស្រោមការពារ (phone case) ហើយនេះក៏ជាហេតុផល នាំឱ្យមានលេចធ្លាយ រូបរាងច្បាស់ៗពី iPhone ជំនាន់ថ្មីផងដែរ។
គេឃើញមាន iPhone 13 ជាម៉ាស៊ីនគម្រូ ចំនួន៤គ្រឿង ដែលមានទម្រង់ ប្រព័ន្ធកាមេរ៉ាធំខុសមុន និងរៀងបញ្ឆិត ត្រូវបានចែកចាយ ដោយអ្នក YouTuber បច្ចេកវិទ្យាល្បីឈ្មោះ Marques Brownlee។
ក្នុងនេះ មានការរំពឹងថា ម៉ូឌែល Pro ពីរគ្រឿងនឹងប្រើបន្ទះបង្ហាញ LTPO panels គាំទ្រ ដល់ refresh rate 120Hz និងពីម៉ូឌែលទៀត refresh rate នៅត្រឹម 60 Hz ដូចម៉ូឌែលមុនៗដដែល។
កាន់តែច្បាស់បន្ថែម ក៏មានលេចធ្លាយស្រោមការពារ សម្រាប់ iPhone 13 ដែលមានរូបរាងទាំងមូលប៉ុនគ្នា ទៅនឹង iPhone 12 series ប៉ុន្ដែទម្រង់លែនកាមេរ៉ាធំជាងមុន ចំពោះម៉ូឌែល 13 Pro/Pro Max និងមានទម្រង់កាមេរ៉ាបញ្ឈិត ចំពោះម៉ូឌែល 13/13 mini ដែលជាហេតុស្រោមការពារទាំងនោះ មិនអាចពាក់លើតួខ្លួន iPhone 12 ត្រូវនោះទេ ត្រង់ផ្នែកកាមេរ៉ា។
បន្ថែមពីនេះ ប្រភពពី Benks ដែលជាក្រុមហ៊ុនផលិត Accessory ក្នុង ប្រទេសចិន បានបង្ហាញពីពុម្ពគម្រូ សម្រាប់ផលិត ស្រោមការពារ iPhone 13 ដែលមានទម្រង់កាមេរ៉ាធំខុសមុន និងទម្រង់កាមេរ៉ាបញ្ឆិត ដូចរូបរាងដែលបានលេចធ្លាយ កន្លងមកផងដែរ។
យ៉ាងណាដំណឹងទាំងនេះ ស្ថិតនៅក្នុងដំណាក់កាល លេចធ្លាយនៅឡើយ ដោយឡែករូបរាងពិត iPhone 13 បែបណានោះ នឹងបង្ហាញច្បាស់ នៅព្រឹត្តិការណ៍ធំរបស់ Apple ដែលត្រៀមប្រារពឡើង តាមទម្លាប់នៅ ខែកញ្ញា ខាងមុខនេះ៕ ប្រភព៖ សប្បាយ