ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាល្លឺម៉ង់ ធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹង ជាមួយប៉េកាំង

បរទេស៖ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជូននាវាចម្បាំងមួយគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង ក្នុងរយៈពេលស្ទើរតែ២ទសវត្ស ដោយចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ស្របពេលមានភាពភ័យខ្លាចកើនឡើង ជុំវិញមហិច្ឆតាទឹកដីរបស់ចិន។

ប្រទេសចិន តាមសេចក្តីរាយការណ៍ បានអះអាងកម្មសិទ្ធិលើផ្នែកនៃដែនសមុទ្រចិនខាងត្បូង និងបានបង្កើតប៉ុស្តិ៍យោធានានា នៅលើកោះសិប្បនិម្មិត នៅក្នុងដែនទឹកដែលសម្បូរដោយឧស្ម័នធម្មជាតិ និងជាទីនេសាទត្រីដ៏ល្អនោះ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងដំណើរបង្ហាញកម្លាំងប្រឆាំងនឹងការអះអាងកម្មសិទ្ធិទឹកដីរបស់ចិន ជាប្រក្រតីបានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ ដោយនាវារបស់ពួកគេ បានបើកកាត់ក្បែរកោះមានជម្លោះមួយចំនួន ចំណែកចិន ក៏ធ្វើការប្រឆាំងតបវិញ ចំពោះបេសកកម្មអាមេរិក ដោយនិយាយថា ពួកវាមិនជួយលើកកម្ពស់សន្តិភាព ឬក៏ស្ថិរភាពនោះទេ។

តាមសេចក្តីរាយការណ៍ មន្ត្រីនៅក្នុងទីក្រុងប៊ែកឡាំង បាននិយាយថា កងទ័ពជើងទឹកអាល្លឺម៉ង់ នឹងប្រកាន់ខ្ជាប់នូវផ្លូវជំនួញរួមគ្នា ហើយនាវាចម្បាំងនោះ មិនត្រូវបានគេរំពឹងថា នឹងធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាសកម្មភាពប្រក្រតីរបស់អាមេរិកមួយទៀត ដែលត្រូវទីក្រុងប៉េកាំងថ្កោលទោសនោះដែរ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top