ភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ នេះ អ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីដឹងថា តារាចម្រៀង ស្រីវ័យក្មេង វីរៈ និច្ច ត្រូវបានគេចូលចែចូវ ស្ដីដណ្ដឹងតាមប្រពៃណី ហើយក្នុងពិធីជាលក្ខណៈគ្រួសារនេះ ក៏មានវត្តមាន តារាចម្រៀង ខាន់ ជេមស៍ ដែលត្រូវជាឪពុកមា របស់នាងចូលរួមផងដែរ ។
ជាការពិតណាស់ សម្រាប់ទំនាក់ទំនង ស្នេហារបស់ វីរៈ និច្ច ជាមួយគូដណ្ដឹងរបស់នាង កន្លងមក ហាក់ដូចជាលាក់ជិតឈឹង មិនធ្លាប់មានលេចធ្លាយ ព័ត៌មានចចាមអារ៉ាមណាមួយឡើយ ។ ហើយរហូតមកដល់ថ្ងៃនេះ ទើបគេដឹងច្បាស់ថា គូណ្ដឹងថ្មីថ្មោង របស់ស្រីស្អាត សាច់សខ្ចីរូបនេះ គឺជាកម្លោះសង្ហារម្នាក់ ដែលមិនមែនជាអ្នកសិល្បៈឈ្មោះថា ខៀវ ពេជ្រ ជាកូនអ្នកខេត្តព្រះសីហនុ ។
បើយោងតាមសកម្មភាព លើគណនីហ្វេសប៊ុក របស់អ្នកកម្លោះម្នាក់នេះឃើញថាគេ និង វីរៈ និច្ច មានទំនាក់ទំនងស្អិតល្មួត យូរណាស់មកហើយ មុនពេលចូលស្ដីដណ្ដឹង។ យ៉ាងណាមិញ សម្រាប់ពេលវេលារៀបការ សាមីខ្លួនគេទាំងពីរមិនទាន់បានបង្ហាញឡើយ ។ ហើយ Lookintoday នឹងព្យាយាមទាក់ទងសួរ លម្អិតនៅពេលក្រោយ ដោយខណៈនេះទូរស័ព្ទរបស់ វីរៈ និច្ច មិនអាចទទួលការទំនាក់ទំនងបានទេ ។
គួរឱ្យដឹងថា ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ តារាចម្រៀង ស្រីរូបស្រស់ នៅ ផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច កំពុងតែស្រូបនូវ ប្រជាប្រិយភាព ពីយុវវ័យ តាម រយៈបទចម្រៀង មនោសញ្ចេតនា និងញាក់ កន្រ្តាក់អារម្មណ៍ រួមផ្សំ នឹងរូប សម្រស់កាន់ តែស្អាតផូរផង់ ពីធម្មជាតិ ។
ទន្ទឹមនឹងភាពជោគជ័យនៅលើវិថីសិល្បៈនេះផងដែរ តារាចម្រៀងស្រីដែលមានវ័យត្រឹម ២៣ឆ្នាំរូបនេះ ក៏បានហក់ចូលក្នុងវិស័យរកស៊ីអចលនទ្រព្យ និងបើកហាងលក់សម្លៀកបំពាក់ដ៏ធំមួយកន្លែងស្ថិតនៅម្តុំក្រោយសាលាវ៉ាន់ដា ផងដែរ ដោយទទួលបានការគាំទ្រខ្លាំងគួរសម្យពីសំណាក់មហាជន ។
តារាចម្រៀងស្រីសាច់សខ្ចី រាងស្រឡូន វីរៈ និច្ច ធ្លាប់បានប្រាប់មកកាន់ Lookingtoday ថា មិនមានបុរស អ្នកមានណាម្នាក់ នៅពីក្រោយភាពមាន បានរបស់នាងឡើយ ហើយដើមទុនទាំងអស់ សម្រាប់បើកហាង សម្លៀកបំពាក់ ក៏ដូចជារថយន្តទំនើបម៉ាក Mercedes-benz ដែលជិះទៅមក បច្ចុប្បន្ននេះ គឺជាកម្លាំងញើសឈាម របស់នាងផ្ទាល់ និងមានការជួយជ្រោមជ្រែង ខ្លះពីសំណាក់ឪពុកម្ដាយរបស់នាង ៕
ដោយ៖ ម៉ានី