ព័ត៌មានអន្តរជាតិ

នាវាចម្បាំង​ អាមេរិកធ្វើទស្សនកិច្ច ដំបូងនៅមូលដ្ឋាន ទ័ពជើងទឹកអេហ្ស៊ីប

បរទេស ៖ នាវាចម្បាំង USS Monterey របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ មូលដ្ឋានកងទ័ពជើងទឹក Berenice របស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលនេះគឺជាលើកទីមួយ ដែលនាវាចម្បាំងអាមេរិក បានធ្វើដំណើរចូលក្នុងមូលដ្ឋាន នៅសមុទ្រក្រហម ។

កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការធ្វើដំណើរ ទៅមូលដ្ឋានទ័ពជើងទឹក Berenice ដែលបានបើកជាផ្លូវការ នៅក្នុងខែមករា ឆ្នាំ២០២០ នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ដែលសង្កត់ធ្ងន់លើភាពជិតស្និទ្ធគ្នា រវាងសហរដ្ឋអាមេរិក និងអេហ្ស៊ីប និងសង្កត់ធ្ងន់លើគោលដៅ សន្តិសុខរួមគ្នារបស់ប្រទេស ។

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសអេហ្ស៊ីប លោក Jonathan R. Cohen បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាស ព័ត៌មានយ៉ាងដូច្នេះថា “ដំណើរទស្សនកិច្ចនេះ បង្ហាញពីភាពរឹងមាំនៃសហប្រតិបត្តិការដែនសមុទ្រអាមេរិក-អេហ្ស៊ីប ហើយយើងរួមគ្នាប្រយុទ្ធប្រឆាំង ការរត់ពន្ធ ការជួញដូរមនុស្ស និងចោរកម្មសមុទ្រ ព្រមទាំងធានា សុវត្ថិភាពនៅសមុទ្រ” ។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក នាវា USS Monterey ដែលជានាវាចម្បាំង សមត្ថភាពមីស៊ីលនេះ បានរឹបអូសបានអាវុធ ដឹកជញ្ជូនខុសច្បាប់ កាលពីខែឧសភា ពីនាវាមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ក្នុងដែនសមុទ្រអារ៉ាប់ភាគ ខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top