បរទេស៖ កងទ័ពជើងទឹកអាមេរិក បានប្រកាសថា យន្តហោះមកពីក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះអាមេរិក Carl Vinson និងក្រុមវាយប្រហារលេខ២១ របស់នាវាផ្ទុកយន្តហោះអង់គ្លេស នាពេលថ្មីៗនេះ បានធ្វើសហសមយុទ្ធយោធា សម្រាប់ជាលើកដំបូង។
ក្រុមវាយប្រហារទាំងពីរ បានបញ្ចប់ការហោះហើរអន្តរប្រតិបត្តិការ នៅក្នុងកងនាវាលេខ៧ របស់ទ័ពជើងទឹកអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា ហើយនៅក្នុងអំឡុងការហោះហើរនោះ យន្តហោះបានធ្វើបេសកកម្ម ដែលមានគោលបំណង ធ្វើឲ្យមានសុពលភាព ដល់បច្ចេកទេស និងដំណើរការដាក់បញ្ចូលគ្នា ដូចជាការចាក់សាំង កណ្ដាលអាកាសជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Simon Doran ជាតំណាងជាតិជាន់ខ្ពស់អាមេរិក ប្រចាំនៅក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះអង់គ្លេស បាននិយាយថា “ការដាក់បញ្ចូលឲ្យហោះហើររួមគ្នា នូវយន្តហោះចម្បាំង F35B របស់កងកម្លាំងម៉ារីនអង់គ្លេស និងអាមេរិក ជាមួយនឹងយន្តហោះចម្បាំង F-35C របស់កងទ័ពជើងទឹកអាមេរិកនោះ បន្តពង្រឹងភាពបត់បែនយុទ្ធសាស្ត្រ និងអន្តរប្រតិបត្តិការនៃយន្តហោះ F-35”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Simon Doran បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “ក្រៅពីនោះ បេសកកម្ម ក៏បានបង្ហាញបន្ថែមទៀត នូវសមត្ថភាពយន្តហោះចម្បាំង F-35 ក្នុងការគាំទ្រដល់ ប្រតិបត្តិការដែនសមុទ្រ” ៕
ប្រែសម្រួល៖ ប៉ាង កុង