ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានសារព័ត៌មានដ៏ធំមួយ របស់ប្រទេសអេស្ប៉ាញ El Mundo បានធ្វើការចុះផ្សាយ នៅក្នុងថ្ងៃនេះ ទម្លាយពីកុងត្រាសម្ងាត់ រវាងកីឡាកររូប និងក្លឹប Paris Saint Germain ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។
បើប្រភពដដែលនេះ កុងត្រាខាងលើនេះ គឺរៀបរាប់ពីប្រាក់ Bonus ដែល Neymar នឹងទទួលបានជាង ៦៤ម៉ឺនដុល្លារ ក្នុងមួយខែ (ជាង ៧.៦លានដុល្លារ ក្នុងមួយឆ្នាំ) ដោយគ្រាន់តែបំពេញ លក្ខខណ្ឌដូចជា ឲ្យគោរពម៉ោងពេលរបស់ក្លឹប មានអាកប្បកិរិយា ឫកពាល្អ រួសរាយដាក់ដាក់អ្នកគាំទ្រ។
នៅក្នុងកុងត្រាដដែលនេះ ក៏មិនអនុញ្ញាតឲ្យ Neymar ធ្វើការរិះគន់តិកនិកលេង ឬអ្វីៗដែលរៀបចំឡើងឲ្យ PSG ក៏ដូចជាការបញ្ចេញមតិអវិជ្ជមាននានា ទាំងអស់ ទាក់ទងនឹងក្លឹប ទៅកាន់ បណ្ដាញសង្គម ក៏ដូចជាសាធារណៈជនទាំងអស់។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ Neymar ផ្លាស់ពី Barcelona មកកាន់ PSG ក្នុងតម្លៃជាង ២៦០លានដុល្លារ ជាការទិញលក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ មកទល់នឹងពេលនេះកីឡាករនេះ ចូលលេងបាន១១៧ប្រកួត និងរកគ្រាប់បាល់បាន ៨៧គ្រាប់ ខណៈកុងត្រា នឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ៕ ប្រភព៖ សប្បាយ