កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរខេត្ត Ca Mau ប្រទេសវៀតណាម បានសម្លាប់តាមរយៈរូបភាព យ៉ាងព្រៃផ្សៃទៅលើសត្វសុនខចំនួន ១៥ក្បាល និងសត្វឆ្មាចំនួន ១ក្បាល ក្រោយលោក Pham Minh Hung និងភរិយា ដែលជាម្ចាស់បានរកឃើញមានជំងឺឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន VICE កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
រឿងរ៉ាវកើតឡើងក្រោយលោក Hung និងភរិយាដែលជាកម្មករមួយកន្លែង នៅទីក្រុងហូជីមិញ បានធ្វើដំណើរតាមរយៈម៉ូតូចាកចេញទៅកាន់ភូមិមួយក្នុងខេត្ត Ca Mau ដែលស្រុកកំណើតរបស់ភរិយា ដោយបាននាំយកសត្វសុខន ចំនួន ១៧ក្បាល និងសត្វឆ្មាចំនួន ១ក្បាល ដែលពួកគេចាត់ទុក ជាកូនបង្កើតទៅជាមួយគ្នាតែម្ដង។ ពួកគេបានឲ្យសត្វសុនខ ២ក្បាលទៅឲ្យគេពេលជិះតាមផ្លូវ។ លុះទៅដល់ស្រុកកំណើតពួកគេទាំងពីរ បានតេស្តវិជ្ជមានកូវីដ-១៩ រីឯសត្វសុនខមួយក្បាល ក៏បានតេស្តវិជ្ជមានលើវីរុសឆ្លងមួយប្រភេទផងដែរ ប៉ុន្តែមិនច្បាស់ថាជាជំងឺកូវីដ-១៩ឬក៏យ៉ាងណានោះទេ។
ដោយខ្លាចរីករាលជំងឺកូវីដ-១៩ ខាងអាជ្ញាធរក្នុងមណ្ឌលចត្តាឡីស័ក នៅភូមិពួកគេក៏បាន សម្លាប់សុនខចំនួន ១៥ក្បាល និងសត្វឆ្មាចំនួន ១ក្បាល តាមរយៈចាប់ដាក់ក្នុងប៉ាវ រួចជ្រមុជចូលទឹក និងដុតសម្លាប់ចោលតែម្ដង។
សកម្មភាពទាំងនេះត្រូវលិចឮ ទៅដល់ប្រជាជនវៀតណាម ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ តាមបណ្ដាញសង្គមនានា សម្ដែងការមិនចិត្តខ្លាំង និងបានរិះគន់ដល់អាជ្ញាធរខ្លាំង ក៏ដូចជាខិតខំផ្សព្វផ្សាយ ឲ្យសារព័ត៌មានក្រៅប្រទេសដឹងឮ ពីទង្វើព្រៃផ្សៃនេះ ដោយទាមទារបញ្ឈប់សកម្មភាពទាំងនេះ។
បើយោងតាមព័ត៌មានក្នុងស្រុកប្រទេសវៀតណាម អាជ្ញាធរនៅមណ្ឌលនោះ បានលើកឡើងថាម្ចាស់សត្វជាអ្នកអនុញ្ញាតឲ្យសម្លាប់បែបនេះ ប៉ុន្តែបើតាមភរិយាលោក Hung បានបដិសេធ ដោយបានលើកឡើងបន្ថែមថាសត្វសុនខមួយក្បាលរបស់ពួកគេត្រូវបាន ពួកគេអាជ្ញាធរ វាយធ្វើបាបយ៉ាងកាចសហាវ ដោយបាន ចាប់ចង វាយធ្វើបាប បំបាក់ជើងនិង បំបែកក្បាល រហូតដល់សត្វសុនខមួយក្បាលនេះ ងាប់នៅក្បែរពួកគេតែម្ដង។
យ៉ាងណាក្ដីដោយសារតែ ព័ត៌មាននេះកក្រើកខ្លាំងពេក ក៏បានធ្វើឲ្យ គ្រូពេទ្យម្នាក់ នៅមណ្ឌលចត្តាឡីស័កនោះ ដែលបានពាក់ព័ន្ធ ក៏ដូចជាបញ្ជាឲ្យសម្លាប់នេះ បានសុំលាលែងពីតំណែង កាលពីថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។
ជាចុងក្រោយគ្រួសារលោក Hung បានត្រឹមតែកើតទុក្ខ និងទទូចឲ្យរដ្ឋាភិបាលវៀតណាម ឲ្យពង្រឹងសកម្មភាព ក្នុងការពារសិទ្ធិសត្វ ដោយពួកគេនឹងរកសុនខ មកចិញ្ចឹមទៀត ថែមទាំងលើកឡើងថា៖” ពួកគេសម្លាប់កូនរបស់ពួកខ្ញុំហើយ ខ្ញុំមិនមានលទ្ធភាព ធ្វើអីទេលើរឿងហ្នឹង”៕ Source: Sabay