ព័ត៌មានអន្តរជាតិ

ចិន៖ សមយុទ្ធយោធា នៅក្បែរកោះតៃវ៉ាន់ គ្រាន់តែជាសកម្មភាព ការពារសន្តិភាព

បរទេស៖ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់ គឺមានគោលដៅផ្តោត លើកម្លាំងដែលលើកម្ពស់ ភាពឯករាជ្យផ្លូវការរបស់តៃវ៉ាន់ និងត្រឹមតែជាសកម្មភាព ការពារសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិននេះ ក៏បាននិយាយផងដែរថា សមយុទ្ធយោធាទាំងនោះ ផ្តោតគោលដៅលើការជ្រៀតជ្រែក ធ្វើឡើងដោយកម្លាំងពីខាងក្រៅ។

ថ្លែងប្រាប់សន្និសីទកាសែតមួយ ក្នុងទីក្រុងប៉េកាំង លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យ ឲ្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយថា មូលហេតុនៃភាពតានតឹងបច្ចុប្បន្ននេះ គឺជាការឃុបឃិតគ្នា របស់បក្សកាន់អំណាចតៃវ៉ាន់ ជាមួយកងកម្លាំងបរទេស និងការបង្កហេតុជុំវិញ ការស្វះស្វែងឲ្យមានភាពឯករាជ្យរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយកាលពីសប្ដាហ៍មុនថា ភាពតានតឹងយោធា ជាមួយប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់នោះ គឺកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ហើយលោកបន្ថែមថា ប្រទេសចិនឹងមានសមត្ថភាព អាចបង្កើនការលុកលុយទ្រង់ទ្រាយធំ នៅត្រឹមឆ្នាំ២០២៥៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top