ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover ម៉ូដែលពិសេសថ្មី ហៅថា Range Rover SV Golden Edition។
រថយន្តម៉ូដែលពិសេស Range Rover SV Golden Edition នេះ នឹងត្រូវផលិត មានចំនួនកំណត់ ត្រឹមតែ ៥គ្រឿងប៉ុណ្ណោះ ហើយមានលក់ តែក្នុងប្រទេស ជប៉ុន ទៀតផង ។
ម៉ូដែល Golden Edition នេះ ត្រូវបានផលិតឡើងដោយក្រុម Special Vehicle Operations (SVO) របស់ក្រុមហ៊ុន Land Rover ដោយផ្អែកលើម៉ូដែល Autobiography ។ វាមានន័យថា រថយន្តនេះបានបំពាក់មុខងារ និងលក្ខណៈពិសេសមកជាច្រើន រួមទាំងដំណើរការខ្លាំង, ភាពប្រណីត និង ការឌីហ្សាញយ៉ាងពិសេស ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានផលិតដោយផ្អែក តាមប្រភេទតួស្តង់ដារ ប៉ុណ្ណោះ មិនមែនជាតួវែងឡើយ។
តាមរយៈការឌីហ្សាញ ផ្នែកខាងក្រៅ យើងអាចមើលឃើញ នូវការរំលេចលាយបញ្ចូលគ្នា នូវពណ៌មាស នៅត្រង់រន្ធបឺត ខ្យល់ខាងមុខ, ប៉ាណាមុខ, រន្ធខ្យល់ចំហៀង, លើទ្វារចំហៀង, កាងក្រោយ និង ឃ្លុបក្រោយ ទៀតផង។ ក្រៅពីនោះ វាក៏មានបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញ, ចង្កៀង LED និង ដំបូល Panoramic Sunroof ជាដើម ។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែក, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញ បូករួមជាមួយនឹងអេក្រង់ Touchscreen មួយទៀត សម្រាប់បញ្ជាលើមុខងារម៉ាស៊ីនត្រជាក់។ មិនតែប៉ុណ្ណោះ វាក៏មានទូរទឹកកសម្រាប់ដាក់អាហារ ឬភេសជ្ជៈ, កុងទ័របាញ់លើកញ្ចក់, កូនសោ Activity Key ព្រមទាំងប្រព័ន្ធ Driver Assist Pack ដែលរួមមានមុខងារ Adaptive Cruise Control with Steering Assist និង កាមេរ៉ា ៣៦០ដឺក្រេ ជាដើម ។
រថយន្តនេះ មានបំពាក់ម៉ាស៊ីន ចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៥៧សេះ និង កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។ ក្រុមហ៊ុន Land Rover នឹងបើកឲ្យបញ្ជាទិញរថយន្ត Range Rover SV Golden Edition នៅថ្ងៃទី១៥ ខែតុលា ជាមួយនឹងតម្លៃ ២០៣ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន ៕