អង់គ្លេស ៖ ស្រាបៀរជាភេសជ្ជៈសម្រាប់មនុស្សជាច្រើននៅជុំវិញ ពិភពលោក ឥឡូវនេះ Budweiser បានប្រកាសពីគម្រោង ផលិតស្រាបៀរ ដើរដោយថាមពលអ៊ីដ្រូសែន ដំបូងគេនៅចក្រភពអង់គ្លេសនៅឆ្នាំ ២០២៤ ហើយអះអាងថា វានឹងជួយសន្សំសំចៃការ បញ្ចេញកាបូន ១៥.៥០០ តោនជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៧ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនបាន សហការ ជាមួយប្រូទីស ដែលជាក្រុមហ៊ុនសេវាកម្ម ថាមពលអ៊ីដ្រូសែនបៃតង មានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដើម្បីតំឡើង ដំណោះស្រាយ ថាមពលដើរដោយអ៊ីដ្រូសែន នៅរោងចក្រស្រា បៀរម៉ាហ្គ័រ (Magor) ។ វាអះអាងថា ការផ្លាស់ប្តូរនេះ នឹងជួយសន្សំសំចៃ ការបញ្ចេញកាបូនចំនួន ១៥.៥០០ តោន ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៧ ។
លោក Mauricio Coindreau ប្រធានផ្នែកនិរន្តរភាព និង លទ្ធកម្មនៅក្រុមហ៊ុន Budweiser Brewing Group បានមានប្រសាសន៍ថា និរន្តរភាព និងសុខុមាលភាព នៃភពផែនដីរបស់យើង គឺជាស្នូល នៃអាជីវកម្មរបស់យើង ។
ដំណោះស្រាយ ថាមពលប្រកប ដោយភាពច្នៃប្រឌិតដូចជាអ៊ីដ្រូសែន មានសក្តានុពលដ៏ធំជាផ្នែកសំខាន់មួយ នៃយុទ្ធសាស្ត្រនិរន្តរភាព របស់យើងដែលជួយយើង កាត់បន្ថយយ៉ាងខ្លាំង នូវការបញ្ចេញកាបូន នៅចក្រភពអង់គ្លេស របស់យើង ។
Budweiser មិនបានបង្ហាញថា គម្រោងនេះនឹងត្រូវចំណាយប៉ុន្មានទេ ។ អ៊ីដ្រូសែន គឺជាធាតុស្រាលបំផុត និងមានច្រើនបំផុត នៅក្នុងចក្រវាល ហើយបង្កើតការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សូន្យ ។ វាអាចត្រូវបានផលិត តាមវិធីសាស្រ្តជាច្រើនរួមទាំង ការកែទម្រង់ ឧស្ម័នធម្មជាតិ ការធ្វើអេឡិចត្រូលីត ឬដូចករណីរបស់ Budweiser តាមរយៈដំណើរការដោយ ថាមពលព្រះអាទិត្យ ។
លោក Chris Jackson នាយកប្រតិបត្តិក្រុមហ៊ុនប្រូទីញ៉ូម បានពន្យល់ថា អ៊ីដ្រូសែនបៃតង គឺជាឱកាសដ៏គួរឲ្យរំភើប សម្រាប់វិស័យថាមពលពិភពលោក និងសេដ្ឋកិច្ចចក្រភព អង់គ្លេស ទាំងមូលដោយ មានមេដឹកនាំ ថាមពលផ្សេងៗ និងអ្នកការពារបរិស្ថានគាំទ្រការដាក់ ពង្រាយរបស់វា ដូច្នេះយើងរីករាយ ដែលបានធ្វើការជាមួយម៉ាក ដែលចែករម្លែកទស្សនៈវិស័យឆ្ពោះទៅមុខរបស់យើង ៕ ដោយ៖លី ភីលីព