ព័ត៌មានអន្តរជាតិ

របបយោធាមីយ៉ាន់ម៉ា ថារបាយការណ៍ សិទ្ធិមនុស្សយូអិន ស្តីពីប្រទេសនេះ ជាការញុះញង់ឲ្យមានអំពើហិង្សា

យ៉ាំងហ្គោន ៖ របបយោធា មីយ៉ាន់ម៉ា បានចាត់ទុករបាយ ការណ៍សិទ្ធិចុងក្រោយ របស់អង្គការសហប្រជាជាតិ ស្តីពីប្រទេស ដែលរងគ្រោះដោយ ជម្លោះនេះថាជា “ការញុះញង់ឲ្យមានអំពើហិង្សា” ហើយបានចោទប្រកាន់ ស្ថាប័ននេះថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានអ្នកស្លាប់ជាង ១១០០នាក់ នៅក្នុងការបង្រ្កាប លើអ្នកប្រឆាំង នេះបើយោងតាមក្រុម ឃ្លាំមើលក្នុងតំបន់។

កាលពីថ្ងៃសុក្រអង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួនខ្លាចគ្រោះមហន្តរាយសិទ្ធិមនុស្សកាន់ តែខ្លាំងឡើង ចំពេលមានរបាយការណ៍ថា កងទ័ពរាប់ម៉ឺននាក់ និងអាវុធធុនធ្ងន់ កំពុងត្រូវបានផ្លាស់ប្តូរទៅតំបន់ ដែលមានភាពធូរស្រាល នៅភាគខាងជើង និងភាគពាយ័ព្យប្រទេស។

របបយោធាមីយ៉ាន់ម៉ា បានរិះគន់របាយការណ៍នេះកាលពីថ្ងៃអាទិត្យ ហើយបានចោទ ប្រកាន់អង្គការសហប្រជាជាតិថា បានប្រើប្រាស់សិទ្ធិមនុស្ស ជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់មីយ៉ាន់ម៉ា។

ក្រសួងការបរទេស ដែល តែងតាំងដោយរបបយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា របាយការណ៍នេះនឹង “នាំឱ្យមានការបែកបាក់ បន្ថែមទៀតក្នុងចំណោមប្រទេសជាតិ និងការញុះញង់ឱ្យមាន អំពើហិង្សាផ្ទៃក្នុង”៕ដោយ ឈូក បូរ៉ា

Most Popular

To Top