ព័ត៌មានអន្តរជាតិ

អតីតប្រធាន សម្ព័ន្ធក្រុមហ៊ុន Nissan-Renault លោក Ghosn បានប្តេជ្ញា ស្តារកេរ្តិ៍ឈ្មោះ របស់លោកឡើងវិញ

តូក្យូ ៖ លោក Carlos Ghosn ជាអតីតតារាឧស្សាហកម្ម រថយន្តដែលអាជីព របស់លោកបានឈប់ ជាមួយ នឹងការចាប់ខ្លួន របស់លោក កាលពី៣ឆ្នាំមុននោះ គឺមិនហៀបនឹង ចូលនិវត្តន៍ ដោយស្ងប់ស្ងាត់នោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អតីតប្រធានសម្ព័ន្ធ Nissan-Renault បានភៀសខ្លួន ទៅប្រទេសលីបង់នៅចុងឆ្នាំ២០១៩ ខណៈ នៅក្រៅឃុំកំពុង ប្រឈមមុខ នឹងការចោទប្រកាន់ ពីបទប្រព្រឹត្តិខុស ផ្នែកហិរញ្ញវត្ថុនៅប្រទេសជប៉ុន ។ ជាមួយបទសម្ភាសន៍ថ្មីៗ នេះជាមួយសារព័ត៌មាន The Associated Press លោក Ghosn មានទំនុកចិត្ត ថាមពល និងប្តេជ្ញាចិត្តក្នុងការតស៊ូ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ របស់លោក ។

លោក Ghosn អាយុ៦៧ ឆ្នាំបាននិយាយតាមរយៈ Zoom ពីផ្ទះរបស់លោក ក្នុងទីក្រុង Beirut ថា ខ្ញុំនឹងទៅទីនោះ ខ្ញុំនឹងការពារសិទ្ធិរបស់ខ្ញុំ ដរាបណាខ្ញុំមានថាមពលដើម្បីធ្វើវា ។ លោក Ghosn បានភៀសខ្លួនចេញពី ប្រទេសជប៉ុន ខណៈកំពុងលាក់ខ្លួន នៅក្នុងប្រអប់ដឹកទំនិញដ៏ធំមួយ នៅលើយន្តហោះឯកជនមួយ ។ លោក Ghosn ដើមកំណើតជនជាតិបារាំង និងប្រេស៊ីលបានភៀសខ្លួននៅប្រទេស លីបង់ ដែលជាស្រុកកំណើត ដូនតារបស់លោកមិនមានសន្ធិសញ្ញាបត្យាប័ន ជាមួយជប៉ុន ។

រដ្ឋអាជ្ញាជប៉ុនបាននិយាយថា ពួកគេនៅតែមានចេតនា ក្នុងការតាមចាប់លោកលើការចោទ ប្រកាន់ពីបទផ្តល់សំណង តិចតួចរបស់គាត់ និងរំលោភលើទំនុកចិត្ត ក្នុងការប្រើប្រាស់ប្រាក់ Nissan ខុសដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ហើយការចោទប្រកាន់នេះ លោកបានបដិសេធ។
ប្រទេសជប៉ុនមានសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយព្រះរាជអាជ្ញា បាននិយាយថា ពួកគេនឹងស្វែងរកជំនួយ ពីប្រទេសផ្សេងទៀត រួមទាំងប្រេស៊ីល និងបារាំង ប្រសិនបើលោក Ghosn ធ្វើដំណើរទៅទីនោះ ៕ ដោយ៖លី ភីលីព

Most Popular

To Top