សិល្បៈ និង កម្សាន្ត

កាន់តែធ្ងន់កហើយ ! តារាសម្ដែងល្បីឈ្មោះ សឿ សុធារ៉ា ប្រាប់ថា លែងមានលទ្ធភាព សងលុយពិធីការិនី សូ ដានីតា ចំនួនជិត ៤ម៉ឺនដុល្លារ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពិធីការិនី សូ ដានីតា ដែលធ្លាប់តែជាមនុស្ស ជិតដិតជាមួយតារាសម្ដែងល្បីឈ្មោះ សឿ សុធារ៉ា បានចេញមុខ សរសេរសារគំរាមថា សុំឱ្យអ្នកនាង សឿ សុធារ៉ា ចេញមុខដោះស្រាយ ជាបន្ទាន់ ជាមួយខ្លួន បើពុំដូច្នេះទេ នាងនឹងប្ដឹងប៉ូលិស ឱ្យទៅអន្តរាគមន៍ ដល់កន្លែងថត រឿងភាគថ្មី ដែលអ្នកនាង សឿ សុធារ៉ា ទើបតែទទួលសម្ដែង តែម្ដង ។ សារខ្លី ដែលបង្កប់នូវកំហឹង ពីសំណាក់ពិធីការិនី សាច់សខ្ចីខាងលើ បានបង្ហាញក្រោយពេលរឿង ចម្រូងចម្រាស់ទាក់ទង នឹងបំណុលតុងទីន របស់អ្នកនាង សឿ សុធារ៉ា ត្រូវស្ងប់ស្ងាត់ ហើយក៏ខណៈ ដែលនាងកំពុងត្រៀម ខ្លួនថតរឿងភាគថ្មី របស់ផលិតកម្មហង្សមាស ដែលជារឿងភាគដំបូង របស់អ្នកនាង សឿ សុធារ៉ា សម្ដែងបន្ទាប់ពីសម្រាកពី សិល្បៈអស់រយៈជាង ១០ឆ្នាំមកនេះ ។

នៅក្នុងសារដែលបង្ហោះ ដោយពិធីការិនី សូ ដានីតា កាលពីម្សិលមិញនេះ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា “នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការកោះហៅ រឺ មិនចង់អោយគេ ទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្ស មិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន” ។

ដូចដែលមហាជន ស្មានមិនខុសមែន តាមពិតហេតុផល ដែលបណ្ដាលឱ្យអ្នកនាង សូ ដានីតា ឆេះដុំ ដល់ថ្នាក់ហ៊ាន គំរាមអ្នកនាង សឿ សុធារ៉ា ថានឹងធ្វើឱ្យខ្មាសគេមុន ពេលថតរឿងថ្មីនេះ គឺដោយសារតែអ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួន ចំនួនជិត ៤ម៉ឺនដុល្លារ ហើយព្យាយាមគេច មិនវេសមិនដោះស្រាយ បើទោះជាអ្នកនាង សូ ដានីតា ព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ឬឆាត ក៏តួឯកស្រីក្នុងរឿង «ព្រះគោព្រះកែវ» មិនឆ្លើយតបដែរ ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាង សូ ដានីតា នៅលើគណនីហ្វេសប៊ុករបស់នាង ។

ពិធីការិនីសាច់ខ្ចី សូ ដានីតា បញ្ជាក់ឱ្យដឹងទៀតថា សម្រាប់លុយជិត ៤ម៉ឺនដុល្លារនេះ គឺអ្នកនាង សឿ សុធារ៉ា បានសុំឱ្យនាងជួយសងជំនួស ទៅកាន់កូនក្រុមតុងទីន កាលមួយវគ្គមុន ដើម្បីកុំឱ្យពួកគេបន្តយករូប និងឈ្មោះនាងទៅបង្ហោះនាំឱ្យខូចកេរ្តិ៍ឈ្មោះ ។ ប៉ុន្តែមកទល់ពេលនេះ អ្នកនាង សឿ សុធារ៉ា មិនទាន់បានសងលុយទាំង នោះមកអ្នកនាង សូ ដានីតា វិញឡើយ ពោលគឺនៅតែគ្មានដំណោះស្រាយអ្វីទាំងអស់ ហើយមិនតែប៉ុណ្ណោះអ្នកនាង សឿ សុធារ៉ា ធ្លាប់បានប្រាប់នាងថា ខ្លួនកំពុងកើតរោគចិត្ត គិតចង់សម្លាប់ខ្លួន ហើយសម្រាប់ លុយជំពាក់ជិត ៤ម៉ឺនដុល្លារនោះ គឺលែងមានលទ្ធភាព សងហើយ ។

សូមបញ្ជាក់ថា មួយរយៈប្រមាណជាង ១ខែមុននេះ អ្នកនាង សឿ សុធារ៉ា ត្រូវបានកូន ក្រុមតុងទីន ជាច្រើននាក់ចេញមុខ ទាមទារឱ្យនាងដោះស្រាយ បំណុលតុងទីន ជាច្រើនម៉ឺនដុល្លារ ដែលមិនបានបង្វិលជូនពួកគេ ប៉ុន្តែមិនយូរប៉ុន្មានតារាស្រី ដែលល្បីល្បាញខ្លាំង កាលពីជាង ១០ឆ្នាំមុនរូបនេះ ក៏បានដោះស្រាយចេញបានសម្រេច និងកំពុងត្រៀមខ្លួនថតរឿងភាគថ្មី របស់ផលិតកម្មហង្សមាសទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top