ភ្នំពេញ ៖ អ្នកប្រដាល់សកល ម៉ាង ព្រហ្មម៉ាញ ត្រូវធ្វើការងារ ធ្ងន់ ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយសារគេត្រូវប្រកួត ចំនួន២ដង ក្នុងកម្មវិធី ULTIMATE BOXING CHAMPIONSHIPដែលរៀបចំឡើង ដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ។
អ្នកប្រដាល់រូបនេះ បានអវត្តមាន មួយប្រកួត ដោយសារបញ្ហា សុខភាព ហេតុនេះគេត្រូវប្រកួត សងវិញ ដើម្បីរកពិន្ទុ សម្រាប់ប្រៀបធៀប ជាមួយអ្នកប្រដាល់ដទៃ ទៀត ។ សម្រាប់ថ្ងៃទី១៤ វិច្ឆិកានេះ ព្រហ្មម៉ាញ ជាអ្នកប្រដាល់ជម្រើសជាតិ គេត្រូវប្រកួតគូទី១ជាមួយអ្នកប្រដាល់ វី សុភ័ស ក្រុមជម្រើសជាតិដូចគ្នា ។ សុភ័ស២ប្រកួតកន្លងមកបានឈ្នះទាំង២ប្រកួត ខណៈព្រហ្មម៉ាញមួយប្រកួតបានបរាជ័យ គឺចាញ់ពិន្ទុអ្នកប្រដាល់ ទូច ដេវីដ ក្រុមជម្រើសជាតិដែរ ។
សុភ័ស គឺជាខ្លាដែលមិនស្រួល នឹងបង្ក្រាបនោះទេ ប្រសិនបើការប្រកួតនេះ ព្រហ្មម៉ាញ ឈ្នះសុភ័សនោះ ឳកាសប្រជែងកៅអី សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ ទំនងជានៅមាន បន្ទាប់ពីប្រកួតនៅគូទី១ នេះហើយទោះបីចាញ់ ឬ ឈ្នះព្រហ្មម៉ាញត្រូវបន្ដប្រកួត ជាមួយ សែត សារឹត ជាអ្នកប្រដាល់មក ពីសមាគមប្រដាល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញ អ្នកប្រដាល់ ស៊ឹម វិសិដ្ឋ ក្លិបតាលីដំរីមានរិទ្ធ ជួបជាមួយអ្នកប្រដាល់ អ៊ូច ធារិទ្ធ ក្រុមជម្រើសជាតិក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម និងអ្នកប្រដាល់នៅ សុខទី ក្រុមជម្រើសជាតិប៉ះជាមួយអ្នកប្រដាល់ អេលីត ផានិត ក្លិបនាយកដ្ឋានអង្គរក្សក្នុង ប្រភេទទម្ងន់៥៤គីឡូក្រាម ។
ចំពោះអ្នកប្រដាល់ បាង ណុន ក្លិបគុជសារ ស ប្រកួតជាមួយអ្នកប្រដាល់ លាប រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕