ភ្នំពេញ ៖ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានប្រកាសថា នាងរកបានម្ចាស់បេះដូងថ្មីហើយ តែមិនទាន់បង្ហាញមុខបុរសនេះទេ គ្រាន់តែបញ្ជាក់ តាមបណ្ដាញសង្គម ហ្វេសប៊ុក ថា នាងនឹងមើលថែ គេឲ្យបានល្អបំផុត ។
ដេននី ក្វាន់ បានបង្ហោះរូបថតឈរកៀកកើយ ជាមួយបុរសម្ចាស់បេះដូងថ្មី នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង តែបានបិទមុខបុរសនោះ ជាមួយសំណេរ ថា “មិនខ្វល់ទេថាពីមុនមក គាត់គឺជាអ្នកណា ដឹងត្រឹមថា ពេលនេះគាត់គឺជាម្ចាស់បេះដូងរបស់ខ្ញុំ ហើយខ្ញុំនឹងមើលថែ គាត់ឲ្យបានល្អបំផុត“ ។
យ៉ាងណាមិញ ទស្សនិកជនមួយចំនួនធំច្បាស់ជាបានដឹងរួចមកហើយថា ការប្រកាសរកបានម្ចាស់បេះដូងថ្មី តែមិនបង្ហាញមុខ មិនមែនជាលើកទី១ ឡើយសម្រាប់តារាសម្តែងស្រីសាច់សខ្ចី ថៅកែលក់ផលិតផលអនឡាញ ដេននី ក្វាន់ ។ ហើយរហូតមកដល់ពេលនេះ ដោយសារតែដេននី ក្វាន់ មិនព្រមបង្ហាញមុខម្ចាស់បេះដូងថ្មីរបស់នាង ទើបធ្វើឱ្យមានមន្ទិល សង្ស័យពីមហាជនថា មិនដឹងម្ចាស់បេះដូងថ្មី របស់នាងជាបុរសមួយណា ឱ្យពិតប្រាកដនោះទេ បើចេះតែបិទមុខ ហើយលាក់អាថ៌កំបាំងបែបនេះ ។
គួរឱ្យដឹងផងដែរថា តារាសម្ដែង ដេននី ក្វាន់ ត្រូវបានទស្សនិកជន ស្គាល់ច្បាស់តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងការតុបតែងខ្លួនសិចស៊ី បង្ហាញដើមទ្រូងដ៏គួរឱ្យទាក់ទាញបំផុត ។ សម្រាប់រឿងរ៉ាវស្នេហាឯកជនរបស់នាង ក៏គេកត់សម្គាល់ឃើញថា នាង តែងតែបានផ្លាស់ប្ដូរដៃគូជាញឹកញយ ហើយក្នុងចំណោមអតីតគូស្នេហ៍ របស់នាងទាំងនោះ ទស្សនិកជនស្គាល់ច្បាស់តែម្នាក់ប៉ុណ្ណោះគឺលោក ចាន់ មករា ដែលអ្នកនាង ដេនី ក្វាន់ ហ៊ានបង្ហាញមុខមាត់ខ្លាំងជាងគេ ៕
ដោយ៖ ម៉ានី