ព័ត៌មានអន្តរជាតិ

ឡាន​ទាហាន​ មួយ​គ្រឿង​នេះ​ ត្រូវ​បាន​គេ​យក​ទៅ រត់​តាក់ស៊ី​ នៅ​ប្រទេស​រុស្ស៊ី​

រថយន្ត​ទាហាន​ ប្រភេទ​ពាស​ដែក​ ដែល​សម្រាប់​ប្រើប្រាស់​សម្រាប់ ​កងកម្លាំង​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជួរមុខ​ម៉ាក​ BRDM-2 ត្រូវ​បាន​ក្រុម​ហ៊ុន​តាក់ស៊ី​មួយ​នៅ​ទី​ក្រុង​ សេន​ ភីតឺប៊ឺគ​ (Saint Petersburg) ប្រទេស​រុស្ស៊ី​ បាន​យក​ទៅ​កែច្នៃ​ទុក​សម្រាប់​ រត់​ដឹក​ភ្ញៀវ​ជា​ធម្មតា​នៅ​តាម​ដង​ផ្លូវ​ទី​ក្រុង​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ RT ។

ដើម​ឡើយ​ឡាន​ទាហាន​មួយ​គ្រឿង​នេះ​ មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ ​យក​មក​ធ្វើ​ឡាន​តាក់ស៊ី​បែប​នេះ​ទេ​ តែ​ក្រោយ​មក​ម្ចាស់​ក្រុម​ហ៊ុន​តាក់ស៊ី​ខាង​លើ​ បាន​កែច្នៃ​​យន្ត​នេះ​ ដោយ​បាន​ដក​ឧបករណ៍​ ដែល​ពាក់ព័ន្ធ​​នឹង​​​វិស័យ​យោធា​​ចេញ​ និង​បាន​បាញ់ថ្នាំ​ឡាន​នេះ ​ទៅ​ជា​ពណ៌​ក្រហម​ ក៏​ខាង​អាជ្ញាធរ​បាន​អនុញ្ញាត​។

រថយន្ត​នេះ​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​ មាន​ទម្ងន់​រហូត​ទៅ​ដល់​ជាង​ ៧,៩០០គីឡូក្រាម​ឯណោះ​ ប្រហែល​នឹង​ ៧,៩តោន​ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បើក​បរ​លើ​ផ្លូវ​ដែល​មាន​វ័យ​ចំណាស់​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ទីក្រុង​នេះ​។

រាល់​ការ​ជិះរថ​យន្ត​នេះ​ម្ដង​ៗ​ ត្រូវ​ការ​ចំណាយ​​ប្រាក់​ប្រមាណ​ ១០០ដុល្លារ​អាមេរិក​ ដែល​ភាគ​ច្រើន​ពេញ​និយម ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ មក​កម្សាន្ត​នៅ​ទី​ក្រុង​ខាង​លើ​នេះ​៕

ប្រភព៖ Sabay

Most Popular

To Top