បរទេស ៖ កាលពីព្រឹកថ្ងៃសុក្រ រូបថតបានលេច ចេញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីលទ្ធផល នៃឧប្បត្តិហេតុមួយ ដែលបានធ្វើឱ្យខូចខាត ផ្នែកស្លាបខាងស្តាំ នៃយន្តហោះ ទម្លាក់គ្រាប់បែក ប្រភេទ B-52H របស់កងទ័ពអាកាស សហរដ្ឋអាមេរិក។ យន្តហោះ ដែលមានតម្លៃ 84 លានដុល្លារ គឺជាយន្តហោះមួយក្នុង ចំណោមយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រពាក់កណ្តាល សតវត្សទី 20 ចំនួន 76 ដែលកំពុងដំណើរការនៅឡើយ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការសាធារណៈរបស់មូលដ្ឋានទ័ពអាកាស Barksdale បានបញ្ជាក់ប្រាប់ The War Zone កាលពីថ្ងៃសុក្រថា ឧបទ្ទវហេតុមួយបានកើតឡើង នៅមូលដ្ឋាននៅភាគពាយព្យ នៃរដ្ឋ Louisiana ដែលជាកន្លែងរបស់ 2nd Bomb Wing និង 343rd Bomb Wing របស់កងទ័ពអាកាសបម្រុង ។
រូបភាពនៃឧបទ្ទវហេតុនេះ ត្រូវបានបង្ហោះចូល ទៅក្នុងហ្វេសប៊ុកដំបូងដោយ “Air Force amn/nco/snco” ។
មជ្ឈមណ្ឌលប្រតិបត្តិការ ថែទាំ (MOC) បានឱ្យដឹងថា «ខណៈដែលមានការដាក់ទីតាំង យន្តហោះសម្រាប់ការបង្ហាញ នៅនឹងកន្លែងទីតាំង គឺស្រាប់តែយន្តហោះ បានបុកជាមួយ នឹងរបងនៅមុខអគារ របសក្រុមថែទាំតែម្តង»៕
ប្រែសម្រួលៈ ណៃ តុលា