ព័ត៌មានអន្តរជាតិ

កាសែត NYT៖ យោធាអាមេរិក បានលាក់បាំង ការវាយប្រហារ តាមអាកាស ដែលសម្លាប់ជនស៊ីវិល ជាច្រើននាក់ នៅស៊ីរី

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន The New York Times បានរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក បានលាក់បាំងការវាយប្រហារ តាមអាកាសកាលពីឆ្នាំ២០១៩មួយ នៅក្នុងប្រទេសស៊ីរី សម្លាប់ស្ត្រីនិងកុមាររហូតដល់ទៅចំនួន៦៤នាក់ ដែលនេះជាឧក្រិដ្ឋកម្ម សង្គ្រាមមួយ នៅក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម។ 

យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាននោះ បានឲ្យដឹងថា ការវាយប្រហារតាមអាកាស បន្តបន្ទាប់គ្នាចំនួន២ នៅជិតទីក្រុង Baghuz គឺត្រូវបានបញ្ជាដោយអង្គភាពប្រតិបត្តិការ ពិសេសសម្ងាត់អាមេរិក ដែលទទួលបន្ទុកលើប្រតិបត្តិការលើដី នៅក្នុងប្រទេសស៊ីរី។ 

កាសែតដដែលនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ដែលគ្រប់គ្រងលើប្រតិបត្តិការដែនអាកាសអាមេរិក នៅក្នុងប្រទេសស៊ីរី បានទទួលស្គាល់ ចំពោះការវាយប្រហារនោះ សម្រាប់ជាលើកដំបូង នៅក្នុងសប្ដាហ៍នេះ និងបាននិយាយប្រាប់ថា ពួកគេមានយុត្តិធម៌។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ទីបញ្ជាការកណ្ដាលលើកឡើងជាថ្មី បញ្ជាក់ដល់កាសែតនោះថា មនុស្សចំនួន៨០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ដែលរួមមានកងកម្លាំង ប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយមចំនួន១៦នាក់ និងជនស៊ីវិល៤នាក់ និងបានបន្ថែមទៀតថា ខ្លួនមិនប្រាកដទេថា មនុស្ស៦០នាក់ផ្សេងទៀត ជាជនស៊ីវិល ព្រោះតែស្ត្រី និងកុមារអាចជាអ្នកប្រយុទ្ធ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top