ជឿជាក់ថា ម្នាក់ៗប្រាកដជាមានអារម្មណ៏ស្ត្រេសធុញថប់ តប់ប្រម៉ល់ ដោយមិនបានសម្រាកលម្ហែកាយរមែងនឹកចង់រកកន្លែង រមណីយដ្ឋានណាមួយ ដើម្បីបន្ធូអារម្មណ៏ស្ត្រេសទាំងនេះ ។ ថ្ងៃនេះ Sabay ចង់អោយអ្នកទាំងអស់គ្នាស្គាល់រមណីដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលទីនោះមាន ទេសភាពស្អាតខ្យល់បរិសុទ្ធ មានសម្រស់ធម្មជាតិចម្រុះស្រស់ត្រកាល ព្រមទាំងលាក់ទុករឿងរ៉ាវអាថ៌កំបាំងមួយជីវិត គួរទៅស្គាល់ឲ្យបានម្តង។
បាត់ដំបង គឺជាខេត្តធំទីពីរនៅក្នុងប្រទេសកម្ពុជា។ ជាទីក្រុងស្រស់ឆើតឆាយនៅអម តាមបណ្តោយដងស្ទឹងសង្កែ ដែលមានសំណង់រចនាបទផ្ទះសល់ពីសម័យ អាណានិគមន៍បារាំង កំពុងបានក្លាយសម្បត្តិបេតិកភ័ណ្ឌជាតិ និងពិភពលោក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តបាត់ដំបងក្រៅពីមានសក្តានុពល ខាងផ្នែកកសិកម្មហើយនោះ ខេត្តនេះក៏មានតំបន់ទេសចរណ៍ជាច្រើន ដែលអាចទាក់ទាញភ្ងៀវទេសចរណ៍ ជាច្រើនឲ្យទៅកម្សាន្ត។ ក្រៅពីមានតំបន់ទេសចរណ៍ ដ៏ទាក់ទាញហើយនោះ ខេត្តបាត់ដំបង ក៏មានអារហាដែលមានរស់ជាតិឆ្ងាញ់ ពីសាដែរ គឺខប្រហុក ជាមួយបន្លែស្រស់មានកំប្លោក ត្រសក់ ជាដើម ។
១. ទស្សនាសត្វប្រចៀវរាប់លានក្បាល ភ្នំសំពៅ
«ភ្នំសំពៅ» គឺជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីមួយ ប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង។ ធ្វើដំណើរចេញពីទីរួមខេត្តប្រមាណ ១៥គីឡូម៉ែត្រ យើងនឹងមកដល់ភ្នំមួយខ្ពស់ ដែលស្ថិតនៅខាងឆ្វេងដៃ នោះហើយគឺជាភ្នំសំពៅ ដែលកំពង់រង់ចាំភ្ញៀវទេសចរ ពីគ្រប់ទិសទី។ ភ្នំដែលមានសណ្ឋានដូចសំពៅដ៏ធំនេះ មានកម្ពស់ប្រមាណ ១០០ម៉ែត្រ គ្របដណ្ដប់ដោយព្រៃប្រឹក្សា ដ៏ខៀវស្រងាត់ និងប្រាង្គសាសនាសង់ឡើងយ៉ាងខ្ពស់ គួរជាទីចាប់អារម្មណ៍។ អ្នកទេសចរមកដល់ទីនេះ អាចគយគន់ទេសភាពវាលស្រែដ៏ស្រស់ត្រកាល ប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ដ៏ធំល្វឹងល្វើយ។ នៅខាងក្នុងភ្នំសំពៅ មានល្អាងជាច្រើនទៀត ដូចជាល្អាងល្ខោន ល្អាងផ្កាស្លា ល្អាងត្រជាក់ និងល្អាងខ្យល់ជាដើម។
យោងតាមប្រភពឯកសារ របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងទៀតថា នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។
ទស្សនីយភាពហ្វូងសត្វប្រជៀវ រាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរ លើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរ បណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវ រាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ។ បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រ ជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃ ដែលបំផ្លាញដំណាំ របស់កសិករ និងអាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយ ជាផលិតផលទេសចរណ៍ ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។ ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ ។
២. គយគន់សម្រស់ធម្មជាតិនៃប្រាសាទឯកភ្នំ
«ប្រាសាទឯកភ្នំ» គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ដ ដ៏សំខាន់មួយនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បុរាណស្ថានមួយនេះ មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរពីរង្វង់មូលលោកតាដំបងក្រញូង ឆ្ពោះទៅកាន់ភាគខាងជើង នៃក្រុងបាត់ដំបង។ ប្រាសាទនេះ កសាងក្នុងរាជព្រះបាទសូរិយៈវរ្ម័ន្ទទី១ នៃឆ្នាំ១០២៧ នៃគ.ស។ តួប៉មនៃប្រាសាទមានរាង ៤ជ្រុងស្មើ សង់ឡើងដោយថ្មភក់ និងថ្មបាយក្រៀម ជំទើតលើគ្រឹះដ៏រឹងមាំកម្ពស់ជាង ៤ម៉ែត្រ ព្រមទាំងមានកសិណ្ឌទឹកជុំវិញផងដែរ។
អ្នកទេសចរដែលមកទស្សនាប្រាសាទនេះ ប្រាកដជាជក់ចិត្តនឹងក្បាច់ចម្លាក់ ដ៏រស់រវើកនៅលើហោរជាង ព្រមទាំងផ្ដែរដ៏ល្អវិចិត្រ ដែលពិព័ណនាអំពីអាទិទេព ទាំងឡាយ នៃទេវកឋាកូរសមុទ្រទឹកដោះ។ច្រើនឆ្នាំកន្លងផុតទៅ ស្ថាបត្យកម្មប្រាសាទ ដ៏គួរឲ្យស្ងប់ស្ងែង ប្រែជាចាស់ទ្រុឌទ្រោម ឯថ្មប្រាសាទបានបាក់បែករប៉ាត់រប៉ាយ ។ ប្រាសាទឯកភ្នំ ត្រូវបានទទួលរងបាក់ស្រុត ទ្រុឌទ្រោមខ្លាំង ក៏ព្រោះតែបាតុភូតធម្មជាតិ និងអាយុកាលចាស់ នៃប្រាសាទមួយនេះ ហើយក៏កំពុងត្រូវទទួលបាន ការការពារថែរក្សា យ៉ាងដិតដល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងខាងមន្ទីរវប្បធម៌ខេត្តផងដែរ។
អ្នកទេសចរអាចធ្វើដំណើ ដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី ពីក្រុងបាត់ដំបង។ ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយអាទិទេព នៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រ ហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើង មានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខ ទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉ម នៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀម ហើយមានគូរទឹកព័ទ្ធជុំវិញផង។ ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹក សំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ ៕ Source: Sabay