ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបមាន គោលដៅបង្កើន កងកម្លាំងដាក់ពង្រាយរហ័ស ដោយមិនចំាបាច់ មានសម្ភារៈអាមេរិក នៅត្រឹមឆ្នាំ២០២៥ 

បរទេស៖សហភាពអឺរ៉ុប កំពុងតែពិចារណាបង្កើតកងកម្លាំងយោធាចម្រុះមានចំនួន ដល់ទៅ៥.០០០នាក់ នៅត្រឹមឆ្នាំ២០២៥ ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅក្នុង ពេលមានវិបត្តិ និងដោយមិនចំាបាច់ពឹងផ្អែក លសហរដ្ឋអាមេរិក នេះបើយោងតាមផែនការព្រាងមួយ។

យោងតាមឯកសារសម្ងាត់២៨ទំព័រ ចុះថ្ងៃទី០៩ ខែវិច្ឆិកា និងឃើញដោយកាសែត Reuters បានឲ្យដឹងថា សមត្ថភាពកងកម្លាំងដាក់ពង្រាយរហ័សសហភាពអឺរ៉ុបនោះ គួរតែបង្កើតឡើងពីផ្នែកនៃកងទ័ពជើងគោក អាកាសនិងជើងទឹក ដែលអាចចល័តរហ័ស ដោយផ្អែកលើវិបត្តិនានា។

ក្រុមរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាពីផែនការនោះ នៅល្ងាចថ្ងៃចន្ទ ក្នុងទីក្រុងព្រួចសែល និងបានបន្តមកដល់ថ្ងៃអង្គារនេះ ក្នុងគោលបំណងកំណត់ចេញឯកសារចុងក្រោយ នៅត្រឹមខែមីនា ឆ្នាំក្រោយ។

ប្រទេសស្លូវេនី ដែលជាប្រធានសហភាពអឺរ៉ុប បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រតិកម្មរដ្ឋាភិបាល គឺជារឿងវិជ្ជមាន ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ការបែកចេញជាយូរមករវាងប្រទេសជាសមាជិកសហភាពអឺរ៉ុប ផ្តោតលើប្រទេសរុស្ស៊ី និងមានក្តីព្រួយបារម្ភពីការវាយប្រហារភេរវកម្ម និងអស្ថិរភាពស្ថិតនៅភាគខាងត្បូងសហភាពអឺរ៉ុប៕

Most Popular

To Top