សិល្បៈ និង កម្សាន្ត

សេដ្ឋី​ហ្វីលីពីន​ម្នាក់ ​​​​ជួល​បដា​អស់​ ៤ម៉ឺន​ដុល្លារ​ ដើម្បី​សុំជួប​ Jennie ទៅ​ហូបបាយ​ក្រៅ ​ជា​មួយ​គ្នា

​លោក​ Christian Albert Gaza ដែល​អះ​អាង​ថា​ខ្លួន​ជា​សេដ្ឋី​មួយ​រូប ប្រចាំ​ប្រទេស​ហ្វីលីពីន​ បាន​ជួល​បដា​អស់​ប្រមាណ ​៤ម៉ឺន​ដុល្លារ​ ដើម្បី​សុំ​ជួប Jennie សមាជិក​ម្នាក់​ក្នុង​ក្រុម​ Blackpink ទៅ​ហូប​បាយ​ក្រៅ​ជា​មួយ​គ្នា។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Straitstimes កាល​ពី​ពេល​ថ្មីៗ​នេះ​។

អ្នក​គាំទ្រ​តារា​ K-pop ដ៏​ងប់ងុល​រូប​នេះ​ បាន​ជួល​បដា​ចំនួន​ពីរ​ ដាក់​នៅ​ក្បែរ​ការិយាល័យ​ YG Entertainment ដោយ​មាន​រូបថត​មុខ​របស់​ខ្លួន​ និង​បាន​សរសេរ​ ជា​ភាសា​អង់គ្លេស​ និង​ភាសា​កូរ៉េ​ ដែល​បក​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​៖” Kim Jennie Ruby Jane អ្នក​ជា​មនុស្ស​ស្រី​ម្នាក់​ ដែល​ខ្ញុំ​លូច​ស្រលាញ់​ខ្លាំង​បំផុត​។ តើ​ខ្ញុំ​អាច​អញ្ជើញ​អ្នក​ ទៅ​ហូប​បាយ​ល្ងាច​ជា​មួយ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ប្រុស​ មាន​ក្ដី​សុខ​ជាង​គេ​បាន​អត់?

លោក​ Gaza ក៏​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ Facebook របស់​ខ្លួន​ផង​ដែរ​ថា​ មូលហេតុ​ដែល​លោក​ធ្វើ​បែប​នេះ​ គឺ​ដោយ​សារ​លោក​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​ទាក់ទង​ Jennie បាន​។ លោក​ក៏​បង្ហោះ​សារ ​បន្ត​បន្ទាប់​ផង​ដែរ​ថា​ គោលបំណង​ដំបូង​របស់​លោក​គឺ​ចង់​ទិញ​ផ្ទះ​ ទិញ​ដី​ឲ្យ​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បូង​ហ្នឹង​តែ​ម្ដង​ តែ​ខាង​ YG Entertainment លែង​​ទទួល​ក៏​សម្រេច​ចិត្ត​ ហៅ​ទៅ​ហូប​បាយ​ល្ងាច​ ជា​មួយ​គ្នា​វិញ​។​

លើស​ពី​នេះ​ អ្នកគាំទ្រ​ហ្វីលីពីន​រូប​នេះ ​ក៏​បាន​បង្ហោះ​រូប​កាត់ត​ រវាង​ខ្លួន​និង​ Jennie បែប​កៀត​កើយ​ជិតស្និទ្ធ​គ្នា​ផង​ដែរ​។

ទាក់​ទង​នឹង​រឿង​នេះ​ ក្រុម​អ្នក​គាំទ្រ​ Blackpink បាន​ស្នើ​ឲ្យ​ YG មើល​ការ​ខុស​ត្រូវ​ការពារ​ Jennie ឲ្យ​មែន​ទែន​ក្រោយ​​ឮ​ថា​ លោក​ Gaza ជា​ជំនួញ​បោកប្រាស់​ មាន​ឈ្មោះ​មិន​សូវ​ល្អ​ និង​ធ្លាប់​ជាប់​ទោស​ កាល​ឆ្នាំ​២០១៨​ផង​ដែរ​។

បើ​តាម​ប្រភព​ខាង​លើ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​លោក​ Gaza បាន​ជួល​បដា​អញ្ជើញ​តារា​ស្រី​ល្បី​ៗ មក​ហូប​បាយ​ ដោយ​គេ​ក៏​ធ្លាប់​ធ្វើ​បែប​នេះ​ នៅ​ប្រទេស​ហ្វីលីពីន​របស់​ខ្លួន​ផង​ដែរ​ កាល​ពី​ឆ្នាំ​មុន​ៗ៕ Source: Sabay

Most Popular

To Top