សិល្បៈ និង កម្សាន្ត

ឧកញ៉ា ទៀ វិចិត្រ ចាត់តំណាង នាំយកអំណោយ​ ជាសម្ភារៈប្រើប្រាស់ និងថវិកា ប្រគល់ជូន បុរសពិកាម្នាក់ រស់នៅត្រូវចិញ្ចឹមកូន២នាក់ ក្នុងបន្ទុក នាខេត្តព្រៃវែង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយជា កង់ ស្បៀងអាហារ និងថវិកា បានឧបត្ថម្ភជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។

ជំនួយទាំងនេះ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារ នាំយកទៅជូនដល់លំនៅដ្ឋានគ្រួសារ​ បុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះ ឡឹក សារ៉ាវន់ អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន ២នាក់តែឯង ដោយប្រពន្ធចេញទៅធ្វើការ នៅប្រទេសជិតខាង ហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។

ដោយជីវភាពក្រីក្រលំបាកខ្លាំងពេក និងកូនៗរបស់រូបលោកត្រូវធ្វើដំណើរ ទៅរៀនឆ្ងាយជារៀងរាល់ថ្ងៃ ទើបបុរសពិការខាងលើ បានស្នើសុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកអំណោយទៅឧបត្ថម្ភ ដល់គ្រួសារបុរសពិការខាងលើ មានដូចជា៖-កង់ចំនួន២គ្រឿង សំរាប់ផ្តល់ជូនកូនទាំង២ នាក់ជិះធ្វើដំណើរទៅសាលារៀន-អង្ករ ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម-មី ចំនួន ៣កេស-ទឹកសុីអុីវ ចំនួន ៣យួរ -ស្ករស ចំនួន ៤គីឡូក្រាម -បីចេង ចំនួន ២គីឡូក្រាម -ត្រីខ ចំនួន ១កេសធំនិង ថវិកា ចំនួន ៥លានរៀល។

ក្រោយទទួលបានអំណោយមនុស្សធម៌ពីលោកឧកញ៉ា ហើយនោះ បុរសពិការរូបនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានឧបត្ថម្ភដល់គ្រួសាររបស់គាត់ និងបានគោរពជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ​ ជួបតែសេចក្តីសុខចំរើនផងដែរ៕

Most Popular

To Top