ភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្ដាហ៍នៃការប្រឡងប្រកួតប្រជែងដណ្ដើមជ័យលាភីក្នុងកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី៣ រួចមក ទីបំផុតកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ គេបានរកឃើញម្ចាស់ជ័យលាភីហើយ ដែលជាស្រីស្រស់សោភាម្នាក់ឈ្មោះ ហេង រិនសុម៉ាលីតា ។


ជាការពិតណាស់ ម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី ៣ កញ្ញា ហេង រិនសុម៉ាលីតា នឹងក្លាយជាតួអង្គទេវតាឆ្នាំថ្មី ជាបុត្រីកបិលមហាព្រហ្មនៅក្នុងវីដេអូពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ ហើយជាមួយគ្នានេះដែរ នាងក៏បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រមទាំងមានពាក្យសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏សមសួនរបស់នាង ។



ក្រៅពីមានសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិហើយនោះ កញ្ញា ហេង រិនសុម៉ាលីតា ក៏ត្រូវបានគេដឹងថា នាងមានសមត្ថភាព និងចំណេះដឹងខ្ពស់ ជាពិសេសគឺភាសាអង់គ្លេស ដោយនាងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រភាសាបរទេសពីមហាវិទ្យាស្ថានភាសាបរទេស IFL ថែមទៀតផង ។ លើសពីនេះ ម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្តខាងលើ ក៏បញ្ចប់ថ្នាក់បរិញ្ញាប័ត្រមួយជំនាញទៀតគឺ គ្រប់គ្រងអាជីវកម្មពីសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។



ជាពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ កញ្ញា ហេង រិនសុម៉ាលីតា ក៏មានការងារជា Cabin Crew (នារីបំរើលើយន្តហោះ) នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយផងដែរ ដែលជាការងារស្នូលរបស់នាង ក្រៅពីការងារជាតារាសម្ដែង តារាម៉ូឌែល ។ ហើយលើសពីនេះ នាងក៏ជាអ្នកចម្រៀង ដែលមានទឹកដមសំឡេងពីរោះមួយរូបផងដែរ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរកាលពីរាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២ ដោយបានរកឃើញម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមគឺបានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ៕
ដោយ៖ ម៉ានី
