សិល្បៈ និង កម្សាន្ត

កាន់តែមិនធម្មតា! តារាចម្រៀង កែវ វាសនា និងភរិយា ជះលុយរាប់សែនដុល្លារ ទិញរថយន្ត Rolls-Royce ជិះ

ភ្នំពេញ៖ ប្រិយមិត្តសុទ្ធតែបានជ្រាបពីជីវិតគ្រួសាររបស់ តារាចម្រៀង កែវ វាសនា ​ដែលក្រោយពី​បានរៀបការជាមួយ​នឹងភរិយាជាអ្នកខេត្តបន្ទាយ​មានជ័យ ​ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីទាំង ២ នាក់មក លោក ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយលោក និង ភរិយា ចាប់ដៃគ្នាងាកទៅផ្ដោត​កាន់​តែ​ខ្លាំង​​លើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។

បច្ចុប្បន្ននេះមានមហាជនជាច្រើនបានស្ញើចសរសើរទៅលើជីវិតប្ដីប្រពន្ធរបស់ម្ចាស់បទ “ផ្ញើសង្សារផង” ខាងលើ ដែលកំពុងរស់នៅប្រកបដោយសុភមង្គលខ្លាំងបំផុត ព្រមទាំងមានជីវភាពខ្ពស់ផងដែរ ដោយក្រៅតែពីរស់ក្រោមដំបូលវីឡាដ៏ស្កឹមស្កៃ ក៏មានរថយន្តស៊េរីទំនើបៗជិះឆ្លាស់គ្នា ដូចជា Rang Rover, Jeep និង Luxes LX570 ជាដើម ។

កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ កាលពីពេលថ្មីៗនេះ ភរិយារបស់លោក បង្ហាញ​វីដេអូ​លើបណ្ដាញសង្គម ដែលឃើញថា លោក និងភរិយា បានចាយលុយរាប់សែនដុល្លារទិញរថយន្តស៊េរីទំនើប Rolls-Royce ពណ៌សមួយគ្រឿងយ៉ាងថ្មីសន្លាង បង្ហាញ​ជីវិតកាន់តែអភិជនថែមទៀត។

ជាមួយគ្នានេះផងដែរ អ្នកនាង លឹម សុគន្ធធារី ថែមទាំងបានបង្ហោះសារខ្លីមួយ ជាមួយរូបថតអង្គុយក្នុងរថយន្ត Rolls-Royce ថ្មីរបស់នាងយ៉ាងដូច្នេះថា «រាល់ថ្ងៃអ្វីដែលយើងអាចធ្វើបានធ្វើទៅ ឱ្យតែយើងសប្បាយចិត្ត
រស់ដើម្បីជីវិតយើងឱ្យមានន័យ មិនមែនរស់ដើម្បីផ្គាប់ចិត្តអ្នកដទៃឡើយ» ។

សូមរំឮកផងដែរដែរថា កែវ វាសនា និងអ្នកនាង លឹម សុគន្ធារី បានចូលរោងការជាមួយគ្នា កាលពីកំលុងខែ ឧសភា ឆ្នាំ ២០១៦ នៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ហើយមកដល់បច្ចុប្បន្ននេះ ពួកគេទទួលបានចំណងដៃកូន ពីរនាក់ ដ៏គួរឱ្យស្រឡាញ់ គឺប្រុសម្នាក់ និងស្រីម្នាក់ ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាចម្រៀងប្រុសជួរមុខ ក្នុងផលិតកម្មសាន់ដេរូបនេះ ហាក់មិនមានមិត្តរួមសិល្បៈចូលរួមច្រើនឡើយ ហើយក៏មិនសូវល្បី ដូចពិធីរៀបអាពាហ៍ពិពាហ៍ របស់អ្នកសិល្បៈដទៃនោះទេ ៕ដោយ៖ ម៉ានី

Most Popular

To Top