មួយរយៈចុងក្រោយនេះ សន្ទុះអ្នកតាមដានទស្សនា ខ្សែភាពយន្ដខ្នាតធំរបស់ ឥណ្ឌា គឺរឿង Gangubai kathiawadi មានការកើនឡើងជាលំដាប់ ហើយផ្អែកទៅលើសម្ដីអ្នកបានទស្សនាថា រឿងនេះពិតជាជក់ចិត្តខ្លាំងបំផុត ដែលបានសម្ដែងចេញ ពីរឿងពិតស្ត្រីឥណ្ឌាម្នាក់រកស៊ីផ្លូវភេទ ដើម្បីសុខុមាលភាពកុមារកំព្រា។
Gangubai kathiawadi ត្រូវបានចាក់ផ្សាយផ្ដាច់មុខនៅលើ Netflix ដែលមានទស្សនិកជនជាច្រើន ប្រទេសកំពុងសម្រុកទស្សនារឿងល្អឯកមួយនេះ។ បច្ចុប្បន្ន Gangubai kathiawadiបានវាយទីផ្សារអាស៊ី ក្នុងរួមមានប្រទេសថៃ និងប្រទេសកម្ពុជា លើសពីនេះ សិល្បការិនីថៃជាច្រើនដួង បាននាំគ្នាតុបតែងខ្លួន ដូចទៅនឹងតួអង្គក្នុងរឿងនេះ។ក្នុងនោះតារាកម្ពុជាមានដូចជា គង់ ច័ន្ទស្រីមុំ និងអ្នកនាង ខាត់ សុឃីម ក៏កំពុងតាមដានទស្សនាដាច់បាយដាច់ទឹកផងដែរ។
ទន្ទឹមនឹងភាពល្បីល្បាញ មានអ្នកតាមដានទស្សនាជាច្រើន ប្រទេសថ្ងៃនេះ Sabay សូមធ្វើការបើកកកាយជាមួយ មូលហេតុចម្បងធ្វើឱ្យ Gangubai kathiawadi ផ្ទុះខ្លាំងមានអ្នកសម្រុកមើលច្រើនលើ Netflix។
ជាការពិតណាស់ Gangubai kathiawadi ត្រូវបានដឹកនាំផលិតដោយ Sanjay Leela Bhansali និងផលិតដោយ Jayantilal Gada និងលោក Bhansali។ Gangubai Kathiawadi គឺជាខ្សែភាពយន្តរឿងឧក្រិដ្ឋកម្ម បែបជីវប្រវត្តិឥណ្ឌា ខ្សែភាពយន្តនេះត្រូវបានផ្អែកលើរឿងពិតរបស់ Gangubai Harjivandas ដែលត្រូវបានគេស្គាល់ថាជា Gangubai Kothewali ដែលជីវិតរបស់អ្នកស្រីត្រូវបានកត់ត្រា នៅក្នុងសៀវភៅ Mafia Queens of Mumbai ដែលសរសេរដោយ S. Hussain Zaidi។
Gangubai Kothewali ឬ Gangubai Kathiawadi គឺជាសកម្មជនសង្គមឥណ្ឌា ស្ត្រីពេស្យា និងស្ត្រីមេផ្ទះបនដ៏ល្បីនៅតំបន់ Kamathipura នៃទីក្រុងបុមបៃ ក្នុងកំឡុងឆ្នាំ ១៩៦០។ Gangubai បានធ្វើការងារជាច្រើន សម្រាប់អ្នករកស៊ីផ្លូវភេទ និងដើម្បីសុខុមាលភាពកុមារកំព្រា។ Gangubai Kathiawadi ល្បីល្បាញដោយសារចលនា ឆ្ពោះទៅរកភាពប្រសើរឡើង នៃអ្នករកស៊ីផ្លូវភេទ និងកុមារកំព្រា។
សម្រាប់នៅក្នុងខ្សែភាពយន្ដ ដែលទើបចេញផ្សាយ ក្នុងឆ្នាំ២០២២នេះ បាននិយាយជីវិតស្រ្តីម្នាក់ ត្រូវបានប្តីលក់ទៅឱ្យម្ចាស់ផ្ទះបនក្នុងក្រុង Kamathipura ក្នុងតម្លៃ ៥០០ រូពី។ នៅទីនេះ នាងបានឡើងកាន់អំណាចបន្តិចម្តងៗ នៅពេលដែលនាងចាប់ផ្តើមសម្របខ្លួនធ្វើការក្នុងផ្ទះបន។ Kathiawadi បានប្រើអំណាច និងឥទ្ធិពលរបស់នាង ដើម្បីប្រយុទ្ធដើម្បីសិទ្ធិអ្នករកស៊ីផ្លូវភេទ និងលើកតម្កើន អ្នករកស៊ីផ្លូវភេទ៕ Source: Sabay