សិល្បៈ និង កម្សាន្ត

សុន្ទរកថាដ៏មានន័យ​ ចាក់ដោត របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេល​ឡើងនិយាយក្នុងវគ្គ TOP10

ពេជ្រ វត្ដីសារ៉ាវឌ្ឍី ពេល​នេះមាន​ងារជា Miss Grand Intertional លំដាប់រងទី ៥ ប្រចាំឆ្នាំ ២០២២ ដែលជា​ប្រវត្តិសាស្ត្រដំបូង របស់កម្ពុជាក្នុងពិភព Miss Grand ដែលបវរកញ្ញា អាចឈាន​ដល់វគ្គកំពូល និង​អាចយកមកប្រទេស កំណើតបានទៀត ។

អ្វីដែល វត្តី បាន​បង្ហាញ សុទ្ធតែរំលេចនូវភាព​ក្លាហាន ពេញ​ដោយសមត្ថភាព គួរជាទីកោតសរសើរ និងទទួល​បានការគាំទ្រ ក៏ដូចជាក្ដីស្រឡាញ់ពេញ ទំហឹងពីប្រជាជនកម្ពុជា ។

ជាក់ស្ដែងពេលជាប់ក្នុងកំពូល ១០នាក់ ចុងក្រោយ ឬ TOP10 បវរកញ្ញាកម្ពុជា ក៏បាន​ឡើង​ថ្លែងសុន្ទរកថាខ្លី ដែលជា​ការ​រំលេចនូវសារវិជ្ជមាន ក្នុងបំណងចង់កែប្រែពិភពលោក ឲ្យមាន​តែរឿងល្អកើតឡើង។

អំឡុងពេល​ឡើងនិយាយ នាង​លើកឡើងថា៖ «ខ្ញុំ​មិនខ្លាចក្នុងការនិយាយប្រាប់គ្រប់គ្នាថា ខ្ញុំធ្លាប់រងនូវការបៀតបៀន និងប៉ះពាល់ដោយបុរសម្នាក់ នៅពេលដែលខ្ញុំទើបមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ខ្ញុំឃើញថា អំពើផ្លូវភេទ ការរំលោភបំពាន និងហិង្សា គឺជាប្រធានបទ​ដ៏ក្ដៅ»។

វត្តី នៅ​បាន​បន្តដែរថា កុមារ គឺជាសសរទ្រូងប្រទេសជាតិ ហើយស្ត្រីគឺជាមាតាពិភពលោក ចុះបើពួកគេត្រូវរងនូវការធ្វើទុក្ខបុកម្នេញគ្រប់ពេល តើទៅជាយ៉ាងណា? សម្រាប់បវរកញ្ញារូបនេះ ជឿថាគ្រប់យ៉ាងនឹងត្រូវបាន​ដោះស្រាយ ដោយចាប់ផ្ដើមពីពាក្យថាស្រឡាញ់ ព្រោះសេចក្ដីស្រឡាញ់ គឺជារឿងដ៏អស្ចារ្យ ដែល អាចបញ្ចប់រឿងអវិជ្ជមានទាំងនេះបាន។

ជាកិច្ចបញ្ចប់នៃវគ្គសុន្ទរកថា របស់ខ្លួន នាងសង្កត់ធ្ងន់ថា៖ «ខ្ញុំអាចឈរនៅទីនេះបាន ក៏ព្រោះតែប្រជាជន​រាប់លាននាក់ ពីប្រទេសកម្ពុជារបស់ខ្ញុំ! ជាមួយនឹងតំណែងនេះ ខ្ញុំអាចប្រើសំឡេងរបស់ខ្ញុំ ដើម្បីចែករំលែកនូវសារ នៃក្ដីស្រឡាញ់ ហើយដើម្បីបញ្ឈប់ពិភពលោក ពីការប្រើអំពើហិង្សា! ហើយសូមឲ្យគ្រប់គ្នានៅទីនេះ សូមនិយាយតាមខ្ញុំ! យើងរួមគ្នាតែមួយ! យើងជាមនុស្សជាតិ! យើងមានក្ដីស្រឡាញ់! យើងមានជីវិត! ហើយយើងត្រូវការសន្តិភាព!» ។

ផ្អែកតាម​សមត្ថភាព និង​អ្វីដែល​នាង​បង្ហាញ បាន​នាំនាងក្លាយជា​ម្ចាស់តំណែង Miss Grand International 2022 លំដាប់រងទី៥ ប្រចាំកម្មវិធី ហើយនេះក៏ចាត់ទុកថា ជាជោគជ័យអស្ចារ្យមួយទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកលទ្ធផលល្អ ជា​បន្តបន្ទាប់នាពេលអនាគត៕

Most Popular

To Top