សិល្បៈ និង កម្សាន្ត

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៨ហើយ។

គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

Most Popular

To Top