ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធ កីឡារាំកម្ពុជា និងលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា និងជាអនុប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានជូនដំណើរ ប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំចំនួន ២២ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ។

លោកស្រី ញ៉ែម មរកត ប្រធាន សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីជម្រើសជាតិ កីឡារាំកម្ពុជាកំពុងហ្វឹកហាត់យ៉ាងខ្លាំងសកម្មភាព មុនចេញដំណើរចូលរួមមិនគិតពីនឿយហត់ឡើយ ខណៈសហព័ន្ធត្រៀម។ លោកស្រីបានលើកបង្ហាញឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមជម្រើសជាតិ កីឡារាំកម្ពុជា ត្រៀមចូលរួមប្រកួតដណ្តើមមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ។

ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបន្ថែមថា កាលពីព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន អត្តពលិករាំកម្ពុជាដណ្តើម បានមេដាយសរុប ១៧គ្រឿង ក្នុងនោះមានមេដាយមាស៤គ្រឿង ខណៈការត្រៀមខ្លួនយ៉ាងល្អ ក្នុងការប្រកួតឆ្នាំ២០២៦ អត្តពលិកកម្ពុជាមានក្តីសង្ឃឹមខ្ពស់ ក្នុងការការពារមេដាយក្នុងចំនួន ១៧គ្រឿងនេះ ឬអាចកើនឡើងនូវចំនួន មេដាយច្រើនជាងនេះជូនជាតិមាតុភូមិផងដែរ។

លោកស្រី ហង់ ស៊ីមន បានប្រាប់ឲ្យដឹងថា ការប្រកួត The 5th WDSF ASIAN – SOUTHEAST ASIAN DanceSport Championship 2026 នៅម៉ាឡេស៊ី មានសារសំខាន់ណាស់ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា និងត្រៀមចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។ ប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់ ក្នុងនោះកីឡាករចំនួន ៨ នាក់ និងកីឡាការិនីចំនួន ១០ នាក់ ។
កីឡាករ -កីឡាការិនីចំនួន ១៨ នាក់នេះមានកីឡាករ -កីឡាការិនីស្ថិតនៅក្រុមជម្រើសជាតិឆ្នាំ២០២៦ ចំនួន ១០ នាក់ក្នុងនោះកីឡាករចំនួន ៥ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។ កីឡាករ -កីឡាការិនីសហព័ន្ធកីឡារាំមានចំនួន ៨ នាក់ រួមមានកីឡាករចំនួន ៣ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។

លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា បេសកកម្មអន្តរជាតិនេះ ប្រតិភូកីឡារាំកម្ពុជា ទទួលបានការ ឧបត្ថម្ភប្រាក់ហោប៉ៅ ពីក្រសួងអប់រំ យុវជន និងកីឡា រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះ ទៅមកក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Air Asia និងក្រុមហ៊ុនវឌ្ឋនៈក៏បានជួបឧបត្ថម្ភ ស្របពេលដែលលោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធតែងតែប្រឹងប្រែង ក្នុងកិច្ចការដំណើរការអភិវឌ្ឍន៍ជំនាញ កីឡារបស់កម្ពុជាមួយនេះ៕



