សិល្បៈ និង កម្សាន្ត

តារាសម្តែងរឿង “Godzilla” នាង Kaylee Hottle អាយុ១៨ ឆ្នាំ​ បានស្លាប់ក្នុងគ្រោះថ្នាក់ ចរាចរណ៍នៅអាមេរិក

វ៉ាស៊ីនតោន៖ប៉ូលីសអាមេរិក បាននិយាយថា នាងKaylee Hottle ជាតារាសម្តែង អាយុ ១៨ ឆ្នាំ ដែលបានបង្ហាញខ្លួន ក្នុងខ្សែភាពយន្ត “Godzilla” ចំនួន២លើ បានស្លាប់នៅព្រឹកថ្ងៃអង្គារ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅរដ្ឋ Maryland សហរដ្ឋអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

យោងតាមការិយាល័យនគរបាលស្រុក Frederick បានឲ្យដឹងថា នាង Hottle និងអ្នកដំណើរម្នាក់ទៀតកំពុងជិះរថយន្ត Honda Accord ឆ្នាំ ១៩៩៥ ដែលបើកបរ ដោយបុរសអាយុ ១៩ ឆ្នាំម្នាក់ នៅពេលរថយន្តបានរេចង្កូត ចេញពីផ្លូវហាយវេពីរគន្លង ហើយបានបុកជាមួយលូ។

កងកម្លាំងដែលបានឆ្លើយតបទៅកាន់កន្លែងកើតហេតុនៅម៉ោងប្រហែល ២:៥២ ព្រឹកថ្ងៃអង្គារ បាននិយាយថា ការបើកបរលឿនពេកត្រូវបានគេជឿថា ជាកត្តារួមចំណែកក្នុងការប៉ះទង្គិចគ្នា ហើយកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។

ប៉ូលីសបាននិយាយថា នាង Hottle ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងដែលនាងត្រូវបានប្រកាសថា ស្លាប់នៅពេលក្រោយ។ អ្នកបើកបរបានរងរបួសមិនត្រូវបានគេជឿថា មានគ្រោះថ្នាក់ដល់អាយុជីវិត ខណៈអ្នកដំណើរម្នាក់ទៀតបានបដិសេធការព្យាបាល។

តារាសម្តែងស្រីរូបនេះ ជាមនុស្សថ្លង់ បានដើរតួយ៉ាងសំខាន់ជា “Jia” នៅក្នុងរឿង “Godzilla v Kong” និងរឿងភាគបន្ត “Godzilla X Kong: The New Empire”។ នាងត្រូវបានតែងតាំង ឆ្នាំ ២០២៤ សម្រាប់ពានរង្វាន់ Saturn Award សម្រាប់ការសម្តែងល្អបំផុតដោយតារាសម្តែងវ័យក្មេង។

ឪពុករបស់នាង គឺលោក Joshua Hottle បានចែករម្លែកដំណឹងមរណភាព របស់នាងជាភាសាសញ្ញាអាមេរិកជាលើកដំបូង នៅក្នុងវីដេអូដែលស្រក់ទឹកភ្នែក ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook ។

សាលា Texas School for the Deaf ជាកន្លែងដែលនាង Hottle ជាសិស្ស បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការស្លាប់របស់នាងគឺជា “ការបាត់បង់ដ៏ធំសម្បើម”។ វាបាននិយាយថា បេះដូងរបស់យើងគឺនៅជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមថ្នាក់ និងអ្នករាល់គ្នាដែលស្គាល់ និងស្រឡាញ់នាង Kaylee ក្នុងអំឡុងពេលដ៏លំបាកមិនគួរឲ្យជឿនេះ”។

នៅពេលនេះ យើងមានព័ត៌មានមានកំណត់ណាស់ ហើយសូមឲ្យអ្នករាល់គ្នាគោរពភាពឯកជនរបស់ក្រុមគ្រួសារ Kaylee ហើយចៀសវាងការចែករម្លែក ឬស្មានអំពីកាលៈទេសៈជុំវិញគ្រោះថ្នាក់នេះ៕

Most Popular

To Top