ហ្សឺណែវ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កំពូលតារាសម្តែងអាមេរិក អ្នកនាង Angelina Jolie និងអ្នកនាង Cate Blanchett ព្រមទាំងអាចារ្យនៃទីក្រុង Canterbury គឺលោកស្រី Sarah Mullally ស្ថិតក្នុងចំណោមឥស្សរជនសាធារណៈបានអំពាវនាវកាលពីថ្ងៃអង្គារ ឲ្យមានការលើកកម្ពស់ការការពារជនភៀសខ្លួន ខណៈអង្គការសហប្រជាជាតិបានរិះគន់ ចំពោះសម្ពាធកាន់តែខ្លាំងឡើង លើប្រព័ន្ធសិទ្ធិជ្រកកោន។
ការការពារផ្នែកច្បាប់ សម្រាប់ជនភៀសខ្លួន ត្រូវបានចែងក្នុងអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ ត្រូវបានព្រាង ឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដែលបានធ្វើឲ្យមនុស្សរាប់សិបលាននាក់ ផ្លាស់ទីលំនៅ។ ខណៈពេលដែលមនុស្សភាគច្រើន នៅតែគាំទ្រគោលការណ៍ នៃការជ្រកកោនដោយសុវត្ថិភាព រដ្ឋាភិបាលជាច្រើន កំពុងរឹតបន្តឹង ការគ្រប់គ្រងព្រំដែន ចំពេលមានការផ្លាស់ទីលំនៅស្ទើរ តែជាកំណត់ត្រានៅ ទូទាំងពិភពលោក ខណៈដែលជម្លោះរីករាលដាល។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះអនុសញ្ញានេះ ដែលមានឈ្មោះថា “ការសន្យា” បានចុះហត្ថលេខាដោយតារាល្បីៗ អត្តពលិក មេដឹកនាំអាជីវកម្ម និងមេដឹកនាំសាសនារាប់សិបនាក់។
ឧត្តមស្នងការ Barham Salih អតីតប្រធានាធិបតីអ៊ីរ៉ាក់ និងជាជនភៀសខ្លួន បាននិយាយថា អនុសញ្ញានេះបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ លោកបានមានប្រសាសន៍មុនកិច្ចប្រជុំស្តីពីការការពារជនភៀសខ្លួននៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ថា កាលពីចិតសិបប្រាំឆ្នាំមុន ពិភពលោកបានសន្យាការពារមនុស្សដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួន។ ការទទួលខុសត្រូវរបស់យើង ឥឡូវនេះត្រូវរក្សាការសន្យានោះឲ្យនៅរស់រវើក សម្រាប់មនុស្សគ្រប់ជំនាន់។
តារាសម្តែង Ben Stiller, Michelle Yeoh, Cynthia Erivo និង Riz Ahmed ស្ថិតក្នុងចំណោមអ្នកចុះហត្ថលេខា រួមជាមួយប្រធានាធិបតីស្ត្រីដំបូងគេរបស់ទ្វីបអាហ្វ្រិក និងជាអ្នកទទួលរង្វាន់ណូបែលសន្តិភាព Ellen Johnson Sirleaf និងតារាបាល់បោះ Wenyen Gabriel។
នេះបើយោងតាមការចុះផ្សាយរបស់ Reutersថា ដោយធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរឡើង ដែលជនភៀសខ្លួន កំពុងប្រឈមមុខ សហរដ្ឋអាមេរិក ដែលពីមុន ជាអ្នកផ្តល់ជំនួយកំពូលដល់ទីភ្នាក់ងារ ជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ដែលត្រួតពិនិត្យ ការអនុវត្តអនុសញ្ញានេះ ថ្មីៗនេះបានពិចារណាកាត់ ផ្តាច់ទំនាក់ទំនងជាមួយអង្គការនេះ។
អនុសញ្ញានេះ និង ពិធីសារឆ្នាំ ១៩៦៧ របស់ខ្លួន ត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋចំនួន ១៤៩ ធ្វើឲ្យពួកគេស្ថិត ក្នុងចំណោមក្របខណ្ឌច្បាប់ អន្តរជាតិដែលមានការគាំទ្រ យ៉ាងទូលំទូលាយបំផុត។ ប៉ុន្តែក្រុមសិទ្ធិមនុស្សមានការព្រួយ បារម្ភអំពីការរឹតបន្តឹងសិទ្ធិជ្រកកោនកាន់តែខ្លាំងឡើង ដូចជាផែនការ របស់សហភាពអឺរ៉ុប សម្រាប់មជ្ឈមណ្ឌលឃុំឃាំងនៅបរទេស និងការរឹតបន្តឹង របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើការទទួលយកជនភៀសខ្លួន។
លោក Michael Bochenek ទីប្រឹក្សាជាន់ខ្ពស់ នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា យើងកំពុងឃើញកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ យុទ្ធសាស្ត្រដោយគិតគូរ ពីការរួចផុតពីកាតព្វកិច្ចក្រោមអនុសញ្ញា៕
