កាណាដា៖ Celine Dion គឺជាតារាចម្រៀងកាណាដាដ៏ល្បីល្បាញម្នាក់ ដែលបានកសាងអាជីព តន្ត្រីអស់រយៈពេលជាច្រើនទសវត្សរ៍។ នាងបានចាប់ផ្តើមអាជីព តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្រោយមកបានក្លាយជាតារាចម្រៀង លំដាប់អន្តរជាតិ ជាមួយសមត្ថភាពច្រៀងដ៏ខ្លាំង និងអាចបកស្រាយតន្ត្រីបានច្រើនប្រភេទ ដូចជា Pop, Rock, R&B, Gospel និង Classical នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life ។
Dion ទទួលបានពានរង្វាន់ Grammy ចំនួន៥ និងមានបទចម្រៀងល្បីៗជាច្រើនដែលត្រូវបានប្រើក្នុងខ្សែភាពយន្ត ដោយក្នុងនោះ “My Heart Will Go On” ពីខ្សែភាពយន្ត Titanic គឺជាបទដែលធ្វើឱ្យឈ្មោះរបស់នាងកាន់តែល្បីល្បាញទូទាំងពិភពលោក។ នាងក៏បានចូលរួមច្រៀងបទសម្រាប់ខ្សែភាពយន្តដូចជា Beauty & The Beast និង The Quest for Camelot ផងដែរ។

ក្នុងជីវិតផ្ទាល់ខ្លួន Celine Dion បានរៀបការជាមួយអ្នកគ្រប់គ្រងអាជីពរបស់នាង លោក René Angélil ក្នុងឆ្នាំ១៩៩៤ និងមានកូនប្រុស៣នាក់។ លោក Angélil បានទទួលមរណភាពដោយសារជំងឺមហារីកបំពង់កក្នុងឆ្នាំ២០១៦។
នៅខែធ្នូ ឆ្នាំ២០២២ Dion បានប្រកាសថា នាងកំពុងប្រឈមនឹង Stiff Person Syndrome ដែលជាជំងឺប្រព័ន្ធប្រសាទដ៏កម្រមួយ។ ទោះជួបបញ្ហាសុខភាពក៏ដោយ ដំណើរអាជីព និងស្នាដៃរបស់នាងនៅតែត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្ត្រតន្ត្រីសម័យទំនើប។

អត្ថបទរបស់ Hollywood Life បានរៀបរាប់ដំណើរ របស់ Celine Dion តាមរយៈរូបថតជាច្រើន ចាប់ពីការបង្ហាញខ្លួន ក្នុងកម្មវិធីពានរង្វាន់នៅទសវត្សរ៍១៩៩០ រហូតដល់ការសម្តែង និងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។
ប្រែសម្រួល៖ គីរី
