សិល្បៈ និង កម្សាន្ត

Miley Cyrus កំពុងក្លាយជាបេក្ខភាពលេចធ្លោ សម្រាប់កម្មវិធី Halftime Show នៃ Super Bowl 2027

សហរដ្ឋអាមេរិក៖ តារាចម្រៀងអាមេរិក Miley Cyrus កំពុងស្ថិតក្នុងចំណោមឈ្មោះ ដែលត្រូវបានគេលើកឡើងយ៉ាងច្រើនថា អាចឡើងសម្តែងក្នុងកម្មវិធី Super Bowl Halftime Show 2027។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នាង មិនទាន់ត្រូវបាន NFL ប្រកាសជាផ្លូវការ ថាជាតារាសម្តែងសំខាន់នៅឡើយទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life ។

Super Bowl LXI គ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៧ នៅកីឡដ្ឋាន SoFi Stadium ក្នុងទីក្រុង Inglewood រដ្ឋ California។ ការប្រកាសតារាចម្រៀងសម្រាប់កម្មវិធី Halftime Show ជាធម្មតាត្រូវធ្វើឡើងជាច្រើនខែមុនការប្រកួត។

ការរំពឹងទុកបានកើនឡើង បន្ទាប់ពី Cyrus បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Variety កាលពីខែមីនា ឆ្នាំ២០២៦ថា នាងចាត់ទុក Super Bowl ជាឆាកដែលមានសម្ពាធខ្លាំង ប៉ុន្តែមិនបានបិទទ្វារចំពោះឱកាសនេះឡើយ។ នាងបានលើកឡើងថា ប្រសិនបើមានឱកាស នាងចង់រៀបចំការសម្តែងដែលបង្ហាញពីដំណើរអាជីព និងស្នាដៃតន្ត្រីរបស់នាងតាមរយៈសម័យកាលផ្សេងៗ។

Cyrus ក៏ធ្លាប់មានបទពិសោធន៍សម្តែងក្នុងព្រឹត្តិការណ៍ Super Bowl ដែរ ដោយនាងបានឡើងសម្តែងក្នុងកម្មវិធី TikTok Tailgate មុនការប្រកួត Super Bowl LV ក្នុងឆ្នាំ២០២១។

ដូច្នេះ បច្ចុប្បន្ន Miley Cyrus នៅត្រឹមជាបេក្ខភាពតាមការរំពឹងទុករបស់អ្នកគាំទ្រ ខណៈការប្រកាសផ្លូវការពី NFL នៅមិនទាន់មាននៅឡើយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top