សិល្បៈ និង កម្សាន្ត

Taylor Swift ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ក្រោយបង្ហាញខ្លួន ក្នុងវីដេអូកំប្លែង នៃកម្មវិធីពានរង្វាន់ Emmy

​បរទេស៖ កំពូលតារាចម្រៀងប៉ុប Taylor Swift បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញខ្លួនជាតួអង្គពិសេសនៅក្នុងវីដេអូកំប្លែងខ្លី (Sketch) នៃកម្មវិធីប្រគល់ពានរង្វាន់ Emmy Awards លើកទី ៧៨ រួមគ្នាជាមួយពិធីការិនី និងជាតារាសម្តែងជើងចាស់ Mariska Hargitay នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter។

​វីដេអូនេះត្រូវបានរៀបចំឡើង ដោយយកលំនាំតាមខ្សែភាពយន្តស៊ើបអង្កេតដ៏ល្បី “Law & Order: SVU” ដោយ Mariska (ដើរតួជា Olivia Benson) បានដឹកនាំក្រុមស្វែងរកតម្រុយថាតើ Taylor Swift នឹងមកចូលរួមកម្មវិធីឬអត់។ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ គឺតារាចម្រៀង Taylor Swift ខ្លួនឯង បានដើរតួជា «អ្នកស៊ើបអង្កេតចំណូលថ្មី» ដោយបាននិយាយបែបកំប្លែងបញ្ឆិតបញ្ឆៀងខ្លួនឯង និងច្រានចោលការវិភាគវង្វេងវង្វាន់របស់អ្នកគាំទ្រ។

​ទោះជាយ៉ាងណា នៅក្នុងពិភពពិត ម្ចាស់បទ “Anti-Hero” មិនបានបង្ហាញខ្លួនផ្ទាល់ នៅឯពិធីប្រគល់ពានរង្វាន់នោះទេ ដោយនាងជាប់រវល់ទៅគាំទ្រ មិត្តប្រុស លោក Travis Kelce ក្នុងការប្រកួតកីឡាបាល់ពងក្រពើ NFL របស់ក្រុម Kansas City Chiefs។

​គួរបញ្ជាក់ថា Taylor Swift និង Mariska Hargitay មានទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធនឹងគ្នាជាយូរមកហើយ រហូតដល់តារាចម្រៀងរូបនេះ បានយកឈ្មោះតួអង្គ “Olivia Benson” របស់ Mariska ទៅដាក់ឈ្មោះឱ្យសត្វឆ្មាសំណព្វចិត្តរបស់នាងថែមទៀតផង។

ប្រែសម្រួល៖ គីរី

Most Popular

To Top