កូរ៉េ៖នាថ្ងៃទី ១៤ ខែកញ្ញា ក្រុម LE SSERAFIM បានចេញផ្សាយបទចម្រៀង Remix ថ្មីនៃបទ “Made My Night” ដោយមានការចូលរួមពី EJAE ជាសិល្បករក្នុងរឿង “KPop Demon Hunters” ទោះបីជាការសហការគ្នានេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងក៏ដោយ ក៏មានរឿងចម្រូងចម្រាសមិននឹកស្មានដល់មួយបានកើតឡើងនៅពេលបន្ទាប់ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។
ភ្លាមៗបន្ទាប់ពីបទចម្រៀងថ្មីនេះ ត្រូវបានចេញផ្សាយ មានការបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គមអះអាងថា EJAE បានរិះគន់ក្រុម LE SSERAFIM យ៉ាងធ្ងន់ធ្ងរនៅពីក្រោយខ្នង ដោយបានរិះគន់លើសមត្ថភាពច្រៀងរបស់ក្រុមនេះ។ ការចោទប្រកាន់ទាំងនេះគឺផ្អែកលើការបង្ហោះសារនៅលើ Weibo ដោយអ្នកលេងអ៊ីនធើណេតម្នាក់ ត្រូវគេជឿថាជានិស្សិតនៅសាលា Berklee College of Music។
យោងតាមការបង្ហោះនោះ បាននិយាយថា នៅពេល EJAE បានធ្វើការបង្រៀននៅសាលា Berklee ឆ្នាំ ២០២៤ មាននិស្សិតម្នាក់បានចាក់បទចម្រៀង សាកល្បងឲ្យនាងស្តាប់ ដោយនិយាយថា ពួកគេកំពុងពិចារណាផ្ញើបទចម្រៀងនោះទៅឲ្យក្រុម LE SSERAFIM ឬ Hwasa ជាសមាជិកក្រុម MAMAMOO។ ពេលនោះ EJAE ត្រូវបានគេចោទប្រកាន់ថា បានប្រាប់និស្សិតនោះកុំឲ្យផ្តល់បទចម្រៀងទៅឲ្យក្រុមចម្រៀងនារីមួយនោះ ដោយអះអាងថា ពួកគេជា “អ្នកចម្រៀងដែលច្រៀងមិនល្អ”។
នាងត្រូវបានគេរាយការណ៍ថា បានប្រាប់និស្សិតនោះថា ក្នុងនាមជាអ្នកនិពន្ធបទចម្រៀង ពួកគេគួរតែពិចារណាលើកម្រិតសំឡេងរបស់សិល្បករ ហើយនាងយល់ឃើញថា បទចម្រៀងសាកល្បងនោះគឺសាកសមជាងសម្រាប់នាង Hwasa។
