សិល្បៈ និង កម្សាន្ត

តារាសម្តែងស្រីនាង Suzy ៖ មុខមាត់ដ៏ធម្មតា របស់នាងជាកត្តា នាំឲ្យនាងទទួលបានងារជា “ស្នេហាដំបូងរបស់ជាតិ”

កូរ៉េ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងជាតារាសម្តែងជនជាតិកូរ៉េខាងត្បូង នាង Suzy ដែលជាអតីតតារាចម្រៀង Idol ហើយបានងាកមកប្រឡូកក្នុងវិស័យសម្តែង បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង បន្ទាប់ពីនាងបានពណ៌នាអំពីរូប សម្រស់របស់ខ្លួនថា មានលក្ខណៈ “ធម្មតា។

តារាចម្រៀងនាង Suzy ត្រូវបានអ្នកគាំទ្រ ទទួលស្គាល់យ៉ាងទូលំទូលាយថាជា “ស្នេហាដំបូងរបស់ជាតិ” (Nation’s First Love) ក្នុងប្រទេសកូរ៉េ ថ្មីៗនេះបាននិយាយអំពីងារមួយនេះ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី ELLE។

ខណៈពេលកំពុងនិយាយអំពីតួនាទីផ្សេងៗគ្នា ដែលនាងបានសម្តែងក្នុងអាជីពរបស់នាង Suzy បានរំលឹកឡើងវិញអំពីមុខមាត់របស់នាង ដោយនាងបានបង្ហើបថា កាលពីអតីតកាល នាងមិនយល់ថា ហេតុអ្វីបានជាមនុស្សម្នា នឹកឃើញដល់ “ស្នេហាដំបូង” របស់ពួកគេនៅពេល ដែលបានឃើញមុខរបស់នាង។ បន្ទាប់មក មានគេប្រាប់នាងថា មុខមាត់របស់នាងមានលក្ខណៈធម្មតា ធ្វើឲ្យមនុស្សងាយស្រួល ក្នុងការដាក់អារម្មណ៍ ឬស្រមៃទៅដល់រឿងរ៉ាវស្នេហាដូចក្នុងភាពយន្ត ។

នាង Suzy បានទទួលយកការលើកឡើងនោះក្នុងផ្លូវវិជ្ជមាន ដោយនាងមានអារម្មណ៍ពេញចិត្ត ដែលមុខមាត់របស់នាងអាចឲ្យនាងសម្តែង ជាតួអង្គផ្សេងៗគ្នាបាន ។ នាងបានបន្ថែមថា នៅពេលពេលវេលាកន្លងផុតទៅ មានពេលខ្លះដែលខ្ញុំបានរកឃើញទឹកមុខ ឬជ្រុងមួយនៃខ្លួនឯង ដែលខ្ញុំមិនធ្លាប់ដឹងថាមានពីមុនមក ។ នៅពេលនោះ ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ហើយវាធ្វើឲ្យខ្ញុំគិតថា នៅមានជ្រុងផ្សេងទៀត នៃខ្លួនខ្ញុំដែលត្រូវស្វែងយល់បន្ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាសម្តែងស្រីល្បីឈ្មោះរូបនេះ ហៅមុខមាត់របស់ខ្លួនថា “ធម្មតា” នាំឱ្យមានការជំទាស់យ៉ាងខ្លាំង ចំពោះការប្រើពាក្យពណ៌នានេះ៕

Most Popular

To Top