កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Giselle សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Aespa កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លាពីមហាជនលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការបង្ហោះមួយចំនួនរបស់នាងនាពេលថ្មីៗនេះ។
ទោះបីជា នាង Giselle ត្រូវបានគេស្គាល់ថា មានស្ទីលនៃការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram បែបប្លែកៗ និងមិនសូវមានទំនាក់ទំនងផ្ទាល់ជាមួយខ្លួននាងក៏ដោយ ប៉ុន្តែអ្នកលេងអ៊ីនធើណេតជាច្រើនបានចោទជាសំណួរអំពីចំណុចរួមមួយចំនួនក្នុងការបង្ហោះទាំងនោះ។ ក្នុងចំណោមនោះ គឺការដែលនាងបានបង្ហោះរូបភាព ឬវីដេអូពាក់ព័ន្ធនឹងតារារ៉េប XXXTentacion ជាច្រើនលើក។
តារារ៉េបរូបនេះធ្លាប់ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ ការវាយប្រហារលើស្ត្រីមានផ្ទៃពោះ និងការឃុំឃាំងមនុស្សដោយខុសច្បាប់ ជាដើម។ ទោះបីជាគាត់ធ្លាប់បានបដិសេធការចោទប្រកាន់ទាំងនេះក៏ដោយ ប៉ុន្តែមានការលេចធ្លាយនូវឯកសារសំឡេងសម្ងាត់មួយបន្ទាប់ពីគាត់បានទទួលមរណភាពនៅឆ្នាំ ២០១៨ ហាក់ដូចជាមានខ្លឹមសារបញ្ជាក់ពីការសារភាពរបស់គាត់ចំពោះបទល្មើសស្រដៀងគ្នានេះជាច្រើនករណី។
ដោយសារតែភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ប្រឆាំងនឹង XXXTentacion ការដែលនាង Giselle បន្តបង្ហាញការគាំទ្រចំពោះរូបគេនៅលើបណ្តាញសង្គម កំពុងក្លាយជាប្រធានបទត្រូវបានគេរិះគន់យ៉ាងខ្លាំង។
នាងក៏កំពុងរងការរិះគន់ចំពោះការបង្ហោះដែលមានភ្ជាប់ជាមួយបទចម្រៀងរបស់ក្រុមតន្ត្រី Creed ដោយសារតែតារាចម្រៀងនាំមុខរបស់ក្រុមនេះ គឺលោក Scott Stapp ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០០៧ ពីបទគប់ដបកែវទៅលើក្បាលភរិយារបស់គាត់ក្នុងអំឡុងពេលមានជម្លោះ។
ការបង្ហោះផ្សេងទៀតក៏ត្រូវបានអ្នកលេងអ៊ីនធើណេតកត់សម្គាល់ថា មានបង្កប់នូវអត្ថន័យទាក់ទងនឹងអំពើហិង្សា ដូចជាការបង្ហោះរូបភាពឈាម ឬកាំភ្លើងជាញឹកញាប់។
មនុស្សមួយចំនួនក៏បានរិះគន់ ចំពោះការដែលនាងលើកយកឈ្មោះ Bonnie និង Clyde មកនិយាយក្នុងការបង្ហោះលើបណ្តាញសង្គម Instagram របស់នាង។ ទោះបីជាគូស្នេហ៍ដែលជាឧក្រិដ្ឋជនទាំង ២ នាក់នេះ គឺជាតួអង្គដ៏ល្បីល្បាញក្នុងវប្បធម៌ពេញនិយមអស់រយៈពេលជាយូរមកហើយក៏ដោយ ក៏អ្នកលេងអ៊ីនធឺណិតយល់ឃើញថា ការបង្ហោះអំពីពួកគេគឺជារឿងមិនសមរម្យឡើយ ដោយសារតែសកម្មភាពប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់របស់ពួកគេនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំនោះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៣ នាក់៕
