សិល្បៈ និង កម្សាន្ត

តារាសម្តែងកូរ៉េខាងត្បូង កើតនៅជប៉ុន អ្នកនាង Yuri Nakamura បានទទួលមរណភាព ក្នុងវ័យ ៤៤ ឆ្នាំ

កូរ៉េខាងត្បូង៖យោងតាមសេចក្តីថ្លែងការណ៍ របស់ភ្នាក់ងារតំណាងរបស់នាងកាលពីថ្ងៃទី ១៤ ខែកញ្ញា បានឲ្យដឹងថា អ្នកនាង Yuri Nakamura តារាសម្តែងកូរ៉េខាងត្បូងកើត នៅប្រទេសជប៉ុន បានទទួលមរណភាពនៅថ្ងៃទី ១ ខែកញ្ញា បន្ទាប់ពីបានតស៊ូប្រយុទ្ធប្រឆាំង ជំងឺមហារីកពោះវៀនធំរបស់អ្នកនាង ជាច្រើនឆ្នាំ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។

អ្នកនាង Yuri Nakamura ត្រូវបានទស្សនិកជនទូទាំងពិភពលោកស្គាល់យ៉ាងច្បាស់តាមរយៈតួនាទីជា Irene ក្នុងរឿងភាគបែបមនោសញ្ចេតនា និងកំប្លែងដ៏ពេញនិយមរបស់ Netflix ដែលមានចំណងជើងថា “Romantics Anonymous”។

អ្នកនាង Yuri Nakamura កើតនៅទីក្រុង Osaka ដោយមានឪពុកជាជនជាតិកូរ៉េ-ជប៉ុនជំនាន់ទី ៣ និងម្តាយជាជនជាតិកូរ៉េខាងត្បូង។ ក្នុងអាជីពសិល្បៈអស់រយៈពេលជិត ៣០ ឆ្នាំ អ្នកនាងបានចូលរួមសម្តែងក្នុងភាពយន្ត និងរឿងភាគទូរទស្សន៍ជាច្រើន រួមទាំងរឿង “Ju-On: Black Ghost” (ឆ្នាំ ២០០៩) និងរឿង “Beyond Goodbye” (ឆ្នាំ ២០២៤)។

យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារតំណាងរបស់នាងគឺ Alpha Agency ថា អ្នកនាង Nakamura បានទទួលមរណភាពនៅថ្ងៃទី១ ខែកញ្ញា។ ពិធីបុណ្យសពរបស់នាងត្រូវបានប្រារព្ធឡើងរួចរាល់ហើយ ដោយមានការចូលរួមពីក្រុមគ្រួសារជិតស្និទ្ធ ព្រមទាំងតារាសម្តែង និងបុគ្គលិករបស់ភ្នាក់ងារ។

Alpha Agency បានបញ្ជាក់ថា អ្នកនាង Nakamura ត្រូវបានគេរកឃើញថា មានជំងឺមហារីកកាលពី ១៣ ឆ្នាំមុន។ នៅពេលនោះ អ្នកនាង Nakamura និងប្រធានភ្នាក់ងារបានពិភាក្សា និងឯកភាពគ្នាមិនបង្ហាញជាសាធារណៈអំពីជំងឺរបស់នាងឡើយ។

Alpha Agency បានសរសេរថា ក្រោយមក ស្ថានភាពជំងឺរបស់នាងបានធូរស្រាល ហើយអ្នកនាងបានបន្តប្រកបការងារ ដែលអ្នកនាងស្រឡាញ់ដោយក្តីរីករាយ ខណៈអ្នកនាងមិនដែលខកខាន ក្នុងការទៅពិនិត្យសុខភាពតាមការកំណត់នោះឡើយ៕

Most Popular

To Top