សិល្បៈ និង កម្សាន្ត

ឥរិយាបថរបស់តារាចម្រៀងកូរ៉េ នាង Wonyoung នៅកន្លែងថត បង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ភាពជាអ្នកជំនាញ និងការទទួលខុសត្រូវ ក្នុងការងាររបស់តារាចម្រៀង នាង Wonyoung សមាជិកក្រុម IVE បានក្លាយជាប្រធានបទ នៃការជជែកវែកញែកយ៉ាងផុសផុលលើបណ្តាញសង្គម បន្ទាប់ពីអ្នកជំនាញផ្នែកតុបតែងមុខម្នាក់បានចែករម្លែកបទពិសោធន៍នៃការធ្វើការជាមួយនាងក្នុងអំឡុងពេលថតរូប។

ថ្មីៗនេះ នាង Wonyoung បានបង្ហោះរូបភាពមួយចំនួននៅពីក្រោយឆាកនៃការថតរូបឲ្យម៉ាកយីហោ New Balance។ ក្នុងចំណោមរូបភាពទាំងនោះ មានរូបភាពមួយត្រូវបានអ្នកជំនាញផ្នែកតុបតែងមុខរបស់នាងយកទៅបង្ហោះបន្ត ដោយបានសរសេរអរគុណនាងនៅក្នុងសារភ្ជាប់ជាមួយរូបភាពនោះ ចំពោះការបញ្ចប់ការងារមុនពេលកំណត់រហូតដល់ទៅ ២ ម៉ោង។

ការបង្ហោះនេះបានធ្វើឲ្យរឿងរ៉ាវអំពីភាពជាអ្នកជំនាញដ៏គួរឲ្យកោតសរសើររបស់នាង Wonyoung ត្រូវបានលើកយកមកនិយាយឡើងវិញ ដោយបុគ្គលិកដែលធ្វើការជាមួយនាងបានរៀបរាប់ថា នាងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងអំឡុងពេលថត ដែលជួយឲ្យក្រុមការងារទាំងអស់អាចបញ្ចប់ការងារបានមុនពេលកំណត់។

អ្នកលេងអ៊ីនធើណេតមានការកោតសរសើរយ៉ាងខ្លាំងចំពោះភាពជាអ្នកជំនាញរបស់នាង Wonyoung និងបានកោតសរសើរនាង ដែលចេះគិតគូរដល់អ្នកដែលធ្វើការជាមួយនាង ទោះបីជានាងទទួលបានជោគជ័យយ៉ាងធំធេងតាំងពីវ័យក្មេងក៏ដោយ៕

Most Popular

To Top