សិល្បៈ និង កម្សាន្ត

រំលឹកខ្សែជីវិត ព្រះអង្គម្ចាស់ Harry ពីអតីតកាលដល់បច្ចុប្បន្ន៖ ព្រឹត្តិការណ៍សំខាន់ៗ និងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់

​បរទេស ៖ ព្រះអង្គម្ចាស់ Harry (Prince Harry) តែងតែជាបុគ្គលសាធារណៈដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក តាំងពីទ្រង់ប្រសូត រហូតមកដល់បច្ចុប្បន្ន ។ ពីកុមារភាព ដែលធំដឹងក្តីក្នុងរាជវាំងអង់គ្លេស ជីវិតជាយោធា រហូតដល់ការសម្រេចចិត្តដ៏រញ្ជួយ ពិភពលោក ក្នុងការចាកចេញពីតួនាទីជារាជវង្ស ខ្សែជីវិតរបស់ទ្រង់ពោរពេញ ទៅដោយរឿងរ៉ាវគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood life ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

​ខាងក្រោមនេះ គឺជាដំណាក់កាលសំខាន់ៗ នៃខ្សែជីវិតរបស់ព្រះអង្គម្ចាស់ Harry ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំ
​១. កុមារភាព និងការបាត់បង់ដ៏ធំធេង
​ព្រះអង្គម្ចាស់ Harry ប្រសូតនៅឆ្នាំ ១៩៨៤ ជាបុត្រាទី ២ របស់ព្រះបាទ Charles ទី ៣ និងព្រះនាង Diana។ រូបភាពកាលពីកុមារភាពរបស់ទ្រង់ តែងតែបង្ហាញពីស្នាមញញឹម ដ៏ស្រស់សើច និងភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយព្រះមាតា។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដ៏សោកសៅបំផុត បានកើតឡើងនៅឆ្នាំ ១៩៩៧ នៅពេលដែលព្រះនាង Diana បានសោយទិវង្គត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវការឈឺ ចាប់យ៉ាងជ្រាលជ្រៅសម្រាប់ Harry ដែលកាលនោះមានព្រះជន្មទើបតែ ១២ ព្រះវស្សា។
​២. ជីវិតក្នុងជួរកងទ័ព និងសកម្មភាពមនុស្សធម៌
​នៅពេលធំពេញវ័យ ព្រះអង្គម្ចាស់ Harry បានសម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ពអង់គ្លេស ដោយបានចំណាយពេលអស់ ១០ ឆ្នាំ និងធ្លាប់បានចុះទៅបំពេញបេសកកម្មផ្ទាល់នៅសមរភូមិប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)។ ក្នុងឯកសណ្ឋានយោធា ទ្រង់ទទួលបានការគោរពយ៉ាងខ្លាំងពីប្រជាជន។ លើសពីនេះ នៅឆ្នាំ ២០១៤ ទ្រង់បានបង្កើតព្រឹត្តិការណ៍កីឡាអន្តរជាតិ Invictus Games ដែលជាការប្រកួតកីឡាសម្រាប់យោធិនពិការ និងរងរបួស ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេ។
​៣. អាពាហ៍ពិពាហ៍ និងការកសាងគ្រួសារ
​ទំព័រជីវិតថ្មីរបស់ព្រះអង្គម្ចាស់ Harry បានចាប់ផ្តើមនៅពេលដែលទ្រង់បានជួប និងរៀបអភិសេកជាមួយអតីតតារាសម្តែងអាមេរិក Meghan Markle នៅខែឧសភា ឆ្នាំ ២០១៨ ដែលពិធីនេះមានការតាមដានទស្សនាពីមនុស្សរាប់លាននាក់ទូទាំងពិភពលោក។ បច្ចុប្បន្ន គ្រួសារដ៏កក់ក្តៅនេះមានបុត្រចំនួន ២ អង្គ គឺព្រះអង្គម្ចាស់ Archie និងព្រះនាង Lilibet។
​៤. ការចាកចេញពីរាជវង្ស (Megxit) និងជីវិតថ្មីនៅអាមេរិក
​នៅឆ្នាំ ២០២០ ព្រះអង្គម្ចាស់ Harry និងអ្នកនាង Meghan បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការប្រកាសដកខ្លួនពីតួនាទីជាសមាជិករាជវង្សជាន់ខ្ពស់ និងឈប់ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ។ ពួកគេបានផ្លាស់ទីលំនៅទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យភាពហិរញ្ញវត្ថុ និងជីវិតឯកជន។ ចាប់តាំងពីពេលនោះមក ទ្រង់បានចូលរួមក្នុងគម្រោងធំៗជាច្រើន រួមទាំងការបោះពុម្ពសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនចំណងជើងថា “Spare” ដែលទម្លាយរឿងរ៉ាវអាថ៌កំបាំងជាច្រើនក្នុងរាជវាំង។

​ទោះបីជាមានការផ្លាស់ប្តូរ និងរងសម្ពាធជាច្រើនក្តី ព្រះអង្គម្ចាស់ Harry នៅតែបន្តផ្តោតលើការងារមនុស្សធម៌ និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត (Mental Health) យ៉ាងសកម្ម។

ប្រែសម្រួល៖ គីរី

Most Popular

To Top