សិល្បៈ និង កម្សាន្ត

ទំព័រជីវិតថ្មីរបស់ Paris Hilton ៖ ការកសាងគ្រួសារដ៏កក់ក្តៅ ជាមួយស្វាមី និងសមាជិកតូចៗទាំង ២

​បរទេស៖ តារាបង្ហាញម៉ូដ និងជាមហាសេដ្ឋីដ៏ល្បីល្បាញអ្នកនាង Paris Hilton កំពុងតែរីករាយយ៉ាងខ្លាំងជាមួយនឹងតួនាទីជាម្តាយ បន្ទាប់ពីនាងនិងស្វាមី លោក Carter Reum បានស្វាគមន៍សមាជិកគ្រួសារថ្មីជាបន្តបន្ទាប់។ បច្ចុប្បន្ន គ្រួសារដ៏មានសុភមង្គលមួយនេះ មានកូនចំនួន ២ នាក់ (ប្រុស ១ និងស្រី ១) ដែលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life។

កូនប្រុសច្បង Phoenix Barron Hilton Reumកើតនៅខែមករា ឆ្នាំ២០២៣ តាមរយៈការពពោះជំនួស (Surrogate)។ អ្នកនាង Paris តែងតែបង្ហាញពីក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះកូនប្រុសដំបូងរូបនេះ និងបានពណ៌នាថា Phoenix គឺជាបងប្រុសដ៏ល្អម្នាក់ ដែលតែងតែជួយការពារប្អូនស្រីរបស់គេជានិច្ច ។

កូនស្រីពៅ London Marilyn Hilton Reum កើតនៅខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការពពោះជំនួសដូចគ្នា ។ ការប្រកាសពីការស្វាគមន៍កូនស្រីរូបនេះ ធ្វើឡើងចំថ្ងៃទិវាអំណរគុណ (Thanksgiving) ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ។
​អ្នកនាង Paris Hilton បានរៀបរាប់ថា ការក្លាយជាម្តាយរបស់កូនៗទាំងពីរ គឺជាបទពិសោធន៍ដ៏មានអត្ថន័យ និងផ្តល់រង្វាន់ធំបំផុតនៅក្នុងជីវិតរបស់នាង។ នាងតែងតែហៅកូនៗថាជាក្រុម “Cutesie Crew” របស់នាង ហើយបានចែករំលែកថា បងប្អូនទាំងពីរនាក់នេះមានភាពស្និទ្ធស្នាលគ្នាខ្លាំង ដែលប្រៀបបានទៅនឹងកូនភ្លោះ ។ នាងពិតជារីករាយនឹងការចំណាយពេលវេលាដ៏មានតម្លៃនេះ ដូចជាការស្លៀកពាក់ឈុតគូឱ្យកូនៗ និងការនាំពួកគេធ្វើដំណើរកម្សាន្ត តាមយន្តហោះឯកជនជាដើម។
​
ប្រែសម្រួល៖ គីរី

Most Popular

To Top