សិល្បៈ និង កម្សាន្ត

អតីតតារាសម្តែងហុងកុង Margaret Chung បង្ហាញពីស្ថានភាពសុខភាព របស់ខ្លួនក្រោយចូលសម្រាក ក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្នើសុំរក្សាភាពឯកជន

ហុងកុង ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា អ្នកនាង Margaret Chung ជាអតីតតារាសម្តែង និងជាតារាបង្ហាញ ម៉ូដនៅហុងកុង បានចេញមុខនិយាយអំពីបញ្ហាសុខភាព របស់នាងនាពេលថ្មីៗនេះ ហើយតារាស្រីវ័យ ៤៩ ឆ្នាំរូបនេះមិនបានបញ្ជាក់លម្អិតអំពីស្ថានភាពសុខភាពរបស់ខ្លួនឡើយ ហើយបានស្នើសុំឲ្យសាធារណជនគោរពភាពឯកជនរបស់នាង និងក្រុមគ្រួសារ។

យោងតាមសេចក្តីរាយការណ៍បាននិយាយថា តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ និងចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យចិនហុងកុង កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីជួបបញ្ហាសុខភាពបន្ទាន់មួយ។ តារាចម្រៀង និងជាតារាសម្តែងនាង Toby Leung ព្រមទាំងមិត្តភក្តិមួយចំនួនទៀត ត្រូវបានគេឃើញកំពុងរង់ចាំនៅខាងក្រៅបន្ទប់ ICU នោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង Toby Leung បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាង Chung មានស្ថានភាពល្អប្រសើរ និង សុខភាពល្អ។ នាងបានបញ្ជាក់ថា អ្នកនាង Chung អាចនិយាយជាមួយនាងបាន។ មិត្តភក្តិជិតស្និទ្ធម្នាក់ទៀតគឺតារាសម្តែង Sherming Yiu បាននិយាយថា នាង និងក្រុមមិត្តភក្តិផ្សេងទៀតនឹងបន្តផ្តល់ការគាំទ្រដល់ Chung។

Yiu បាននិយាយថា ក្រុមមិត្តភក្តិរបស់យើងនឹងនៅក្បែរនាង ដើម្បីផ្តល់ការគាំទ្រ និងនៅកំដរនាង។ យើងសង្ឃឹមថា មនុស្សគ្រប់គ្នានឹងផ្តល់ពេលវេលា និងលំហឯកជនខ្លះដល់នាង។

Chung, Leung និង Yiu ជាសមាជិកនៃក្រុមអតីតមិត្តរួមការងារនៅស្ថានីយទូរទស្សន៍ TVB រួមមានតារាសម្តែងផ្សេងទៀតដូចជា Charmaine Sheh, Angela Tong, Janet Chow និង Annie Man។ ក្រុមនេះបានក្លាយជាមិត្តភក្តិនឹងគ្នា ខណៈពេលដែលពួកគេធ្វើការនៅស្ថានីយទូរទស្សន៍នេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០។

អ្នកនាង Chung បានក្លាយជាតារាល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគទូរទស្សន៍របស់ TVB ដែលមានចំណងជើងថា Detective Investigation Files III។ ក្រោយមក នាងបានចាកចេញពីវិស័យកម្សាន្ត ហើយងាកមកផ្តោតលើជីវិតគ្រួសារ និងការបង្រៀនយូហ្គាវិញ៕

Most Popular

To Top