សិល្បៈ និង កម្សាន្ត

ភាពយន្តឯកសារអំពី Elon Musk របស់លោក Alex Gibney ត្រូវបានលុបចោលដោយ Universal

ឡូសអាន់ជឺឡេស ៖ ភាពយន្តឯកសារ ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំង អំពីមហាសេដ្ឋី Elon Musk ដឹកនាំដោយអ្នកផលិតភាព យន្តឯកសារដ៏ល្បីល្បាញលោក Alex Gibney ត្រូវបានក្រុមហ៊ុន Universal Pictures លុបចោលការចាក់បញ្ចាំងហើយ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន Hollywood Life ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

​ការសម្រេចចិត្តដ៏គួរ ឱ្យភ្ញាក់ផ្អើលនេះ កើតឡើង បន្ទាប់ពីមានពាក្យ ចចាមអារ៉ាម ជាច្រើនខែអំពីភាពចម្រូង ចម្រាសជុំវិញខ្លឹមសារនៃភាពយន្តនេះ ដែលមានចំណងជើងបណ្ដោះអាសន្នថា “Musk”។ ភាពយន្តឯកសារនេះត្រូវបានគេរំពឹងថានឹងពិនិត្យមើលយ៉ាងស៊ីជម្រៅ ទៅលើការកើនឡើងនៃឥទ្ធិពល និងភាពជោគជ័យរបស់ Musk ព្រមទាំងពិនិត្យមើលលើការសម្រេចចិត្ត ដ៏ចម្រូងចម្រាសរបស់លោក។

ក្រុមហ៊ុន Universal មិនបានផ្តល់ការពន្យល់ជាផ្លូវការ អំពីមូលហេតុ នៃការលុបចោលភាពយន្តឯកសារនេះទេ។ ការរក្សាភាពស្ងៀមស្ងាត់នេះ បានបង្កឱ្យមានការប៉ាន់ស្មានជាច្រើននៅក្នុងឧស្សាហកម្មភាពយន្ត។

ប្រភពខ្លះបានលើកឡើងថា ការលុបចោលនេះអាចពាក់ព័ន្ធនឹងការព្រួយបារម្ភផ្នែកច្បាប់ ឬសម្ពាធនយោបាយ។ Musk គឺជាបុគ្គលដែលមានឥទ្ធិពល និងតែងតែធ្វើឱ្យមានការជជែកវែកញែក ទាំងក្នុងវិស័យបច្ចេកវិទ្យា និងនយោបាយ។

លោក Gibney ត្រូវបានគេស្គាល់តាមរយៈភាពយន្តឯកសារបែបស៊ើបអង្កេត ដែលតែងតែទម្លាយរឿងរ៉ាវលាក់កំបាំង និងរិះគន់ស្ថាប័ន ឬបុគ្គលមានអំណាច (ដូចជាភាពយន្ត “Going Clear: Scientology and the Prison of Belief” និង “Enron: The Smartest Guys in the Room”)។ នេះធ្វើឱ្យគេជឿថា ភាពយន្តអំពី Musk ប្រាកដជាមានខ្លឹមសារមុតស្រួច និងមិនសូវល្អមើលសម្រាប់ Musk នោះទេ។

​បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថាភាពយន្តឯកសារនេះនឹងត្រូវលក់ទៅឱ្យក្រុមហ៊ុនចែកចាយផ្សេងទៀត ឬនឹងត្រូវបញ្ឈប់ជាស្ថាពរនោះទេ ។ អ្នកតំណាងរបស់លោក Gibney និង Musk មិនទាន់មានការអត្ថាធិប្បាយ ណាមួយទាក់ទងនឹងរបាយការណ៍នេះទេ ។ ការលុបចោលនេះ គឺជាការខកចិត្តមួយ សម្រាប់អ្នកដែលចង់ ឃើញការវាយតម្លៃ ដោយឯករាជ្យ និងស៊ីជម្រៅលើបុគ្គលិកលក្ខណៈដ៏ស្មុគស្មាញ និងមានឥទ្ធិពលបំផុតម្នាក់ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

ប្រែសម្រួល៖ គីរី

Most Popular

To Top