សិល្បៈ និង កម្សាន្ត

តារាសម្តែង Nicolas Cage ធ្លាក់ខ្លួនអត់ផ្ទះសម្បែង? ការពិតនៅពីក្រោយការ ខូចខាតភូមិគ្រឹះដ៏ស្កឹមស្កៃ នៅតំបន់ Malibu

បរទេស៖ តារាសម្តែងហូលីវូដជើងចាស់លោក Nicolas Cage កំពុងជួបប្រទះវិបត្តិទីជម្រក បន្ទាប់ពីភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកនៅតំបន់ Malibu ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការស្រុតដី (Sinkhole)។ តារាសម្តែងក្នុងរឿង National Treasure វ័យ ៦២ឆ្នាំរូបនេះ បានបង្ហើបកាលពីថ្ងៃបុណ្យ Halloween ថា លោកកំពុង “ខ្វះខាតទីជម្រកបន្តិចបន្តួច” បន្ទាប់ពីផ្ទះរបស់លោកទទួលរងការខូចខាត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន HollywoodLife ថ្ងៃទី៣​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងកម្មវិធី L.A. Comic Con កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកបានលើកឡើងថា៖ “បច្ចុប្បន្នខ្ញុំហាក់ដូចជាអត់ផ្ទះសម្បែងបន្តិចបន្តួច។ មានរឿងហេតុខ្លះបានកើតឡើងចំពោះផ្ទះរបស់ខ្ញុំនៅ Malibu ដូច្នេះខ្ញុំត្រូវស្នាក់នៅតាមសណ្ឋាគារជាបណ្តោះអាសន្ន។ អាស្រ័យហេតុនេះ ខ្ញុំមិនអាចមានកម្មវិធីចែកស្ករគ្រាប់ (Trick-or-treat) នៅផ្ទះដូចធម្មតាទេនាយប់នេះ… ខ្ញុំនឹងនាំកូនស្រីទៅដើរលេងនៅតំបន់ Santa Monica វិញ ហើយខ្ញុំនឹងទស្សនាភាពយន្តរឿង The Shining ដែលអ្នកដឹកនាំរឿងនេះធ្លាប់ត្រូវបានគេតែងតាំងជាអ្នកដឹកនាំរឿងអន់បំផុតពីកម្មវិធី Razzies ផងដែរ។”

តើលោក Nicolas ពិតជាគ្មានផ្ទះសម្បែងមែនឬ ហើយមានរឿងអ្វីកើតឡើងចំពោះភូមិគ្រឹះតម្លៃរាប់លានដុល្លាររបស់លោកនៅរដ្ឋកាលីហ្វ័រញ៉ា?

យោងតាមគេហទំព័រ Realtor.com រណ្តៅដីស្រុតទំហំ ៣០ហ្វីត បានកើតឡើងនៅបរិវេណផ្លូវចូលភូមិគ្រឹះរបស់លោកកាលពីខែកញ្ញា ឆ្នាំ២០២៦។ ការស្រុតដីនេះបណ្តាលមកពីសំណឹកឆ្នេរសមុទ្រ ដែលបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានជាងពីរដប់កន្លែងនៅក្បែរនោះ។

នាយកដ្ឋានពន្លត់អគ្គិភ័យតំបន់ Los Angeles បានចុះអន្តរាគមន៍បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបែកធ្លាយបំពង់ឧស្ម័ននៅភូមិគ្រឹះទំហំ ៤.០០០ ហ្វីតការ៉េ របស់លោកលើវិថី Sea Level Drive កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ ផ្លូវចូលទៅកាន់អចលនទ្រព្យនេះបានបាក់ស្រុតទាំងស្រុង ប៉ុន្តែសំណាងល្អ តារាសម្តែងក្នុងរឿង Renfield រូបនេះមិនមានវត្តមាននៅផ្ទះនោះទេអំឡុងពេលកើតហេតុ។

អាជ្ញាធរក្រុង Malibu បានប្រកាសដាក់តំបន់នេះក្នុងភាពអាសន្នតាំងពីដំបូង ដោយបានបិទផ្លូវ និងហាមឃាត់ការចេញចូល (Red-tagging) លំនៅឋានជាច្រើនក្បែរផ្ទះរបស់លោក Nicolas។ ម្ចាស់ផ្ទះត្រូវបានហាមឃាត់មិនឱ្យចូលទៅកាន់លំនៅឋានរបស់ពួកគេឡើយ ដោយសារ “សំណឹកផ្លូវបច្ចុប្បន្នរារាំងដល់ការធ្វើដំណើរចេញចូលជាប្រចាំថ្ងៃ ព្រមទាំងបង្កការលំបាកដល់រថយន្តសង្គ្រោះ ឬការជម្លៀសខ្លួនក្នុងករណីមានអាសន្ន”។

ប្រែសម្រួល៖​ គីរី

Most Popular

To Top