សិល្បៈ និង កម្សាន្ត

ការប្រគំតន្ត្រីរបស់ក្រុម BTS នៅតៃវ៉ាន់ និងឥណ្ឌូនេស៊ី នឹងត្រូវចាក់បញ្ចាំងនៅតាមរោង ភាពយន្តក្នុងជាង ៨០ប្រទេស

សេអ៊ូល៖ ទីភ្នាក់ងារគ្រប់គ្រង របស់ក្រុមចម្រៀង K-pop ដ៏ល្បីល្បាញ BTS បានប្រកាសកាលពីថ្ងៃអង្គារថា ការប្រគំតន្ត្រីចំនួនពីរពីដំណើរ កម្សាន្តប្រគំតន្ត្រីនាពេលខាងមុខរបស់ពួកគេនៅកោះតៃវ៉ាន់ និងទីក្រុងហ្សាការតា នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់ (Livestream) នៅតាមរោងភាពយន្តក្នុងជាង ៨០ ប្រទេស និងតំបន់ជុំវិញពិភពលោក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ BigHit Music នៅលើបណ្តាញសង្គម Weverse បានឱ្យដឹងថា ការចាក់ផ្សាយបន្តផ្ទាល់នេះនឹងធ្វើឡើងសម្រាប់ការប្រគំតន្ត្រីថ្ងៃទីពីរនៅទីក្រុង Kaohsiung កោះតៃវ៉ាន់ នាថ្ងៃទី២១ ខែវិច្ឆិកា និងការប្រគំតន្ត្រីថ្ងៃទីបីនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៩ ខែធ្នូ។

ការប្រគំតន្ត្រីនៅទីក្រុង Kaohsiung និងហ្សាការតា នឹងមានវត្តមាននៅលើផ្ទាំងសំពត់សខ្នាតធំប្រមាណ ៣.៣០០ និង ២.៨០០ កន្លែងរៀងគ្នានៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង ទស្សនិកជនអាចចូលរួមទស្សនាបាននៅតាមរោងភាពយន្តធំៗចំនួន៣ គឺ CGV, Lotte Cinema និង Megabox។

ក្រុមហ៊ុន BigHit Music បានបញ្ជាក់បន្ថែមថា ម៉ោងចាក់បញ្ចាំងនឹងត្រូវបានសម្រួលទៅតាមតំបន់ពេលវេលា (Time zones) នីមួយៗ ដែលមានន័យថា ទស្សនិកជននៅតំបន់មួយចំនួននឹងទស្សនាការចាក់ផ្សាយឡើងវិញ (Delayed broadcasts) ក្នុងរយៈពេល ១ ទៅ ២ថ្ងៃបន្ទាប់។

ការសម្តែងទាំងនេះគឺជាផ្នែកមួយនៃដំណើរកម្សាន្តប្រគំតន្ត្រីប្រចាំទ្វីបអាស៊ីដែលមានឈ្មោះថា “Arirang” ដែលនឹងចាប់ផ្តើមបើកឆាកនៅទីក្រុង Kaohsiung នាថ្ងៃទី១៩ ខែវិច្ឆិកា។ ក្រុមដែលមានសមាជិកទាំង៧រូបនេះ នឹងរៀបចំការសម្តែងសរុបចំនួន ១៥លើក នៅទូទាំងទីក្រុងចំនួន៥ រួមមានទីក្រុងបាងកក គូឡាឡាំពួរ និងសិង្ហបុរីផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងអន្តរជាតិមួយនេះ ទើបតែបានបញ្ចប់ដំណើរកម្សាន្តប្រគំតន្ត្រីនៅទ្វីបអាមេរិកខាងត្បូង នាក្រុងសៅប៉ូឡូ កាលពីចុងខែមុន ដោយបានលក់សំបុត្រអស់គ្មានសល់ (Sold out) សម្រាប់ទាំង ១៤ការសម្តែងក្នុងទីក្រុងចំនួន៥ និងបានទាក់ទាញអ្នកទស្សនាសរុបដល់ទៅ ៨៥៣.០០០ នាក់។

ប្រែសម្រួល៖​ គីរី

Most Popular

To Top