Event

សែលកាត ក្លាយជាប្រតិបត្តិករ ទូរគមនាគមន៍ដំបូងគេ នៅអាស៊ីដែលផ្តល់ជូននូវ ការបញ្ចូលទឹកប្រាក់ ដោយប្រើរូបិយប័ណ្ណអេឡិចត្រូនិច

ភ្នំពេញ៖ សែលកាតបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាចប្តូរ រូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូល ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។
 
គំនិតច្នៃប្រឌិតថ្មីនេះអាច លេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុន បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។
 
សម្រាប់អ្នកដែលតែងតែ សកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។
 
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជននូវតម្លៃបន្ថែមនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើនចំណេះដឹងផ្នែកឌីជីថល ដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។
 
លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺ គ្រប់គ្រាន់សម្រាប់អតិថិជនទូទៅអាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោង សម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។
 
នេះគឺជាម ធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត។
 
លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការ គិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យ ឌីជីថលរបស់អតិថិជន។ “អាជីពដែលកូនចៅជំនាន់ ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិត និងវិធីសាស្រ្តប្រើប្រាស់សម្រាប់រកប្រាក់ចំណូល នឹងមានភាពខុសគ្នាឆ្ងាយជាមួយពេលបច្ចុប្បន្ននេះ។
 
“ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជា ផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួលនិងឆាប់រហ័សបំផុតនៅ លើប្រព័ន្ធទីផ្សារសកល។
 
លោក Richard Ellis នាយកប្រតិបត្តិ Electroneum បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងាររបស់លោកពិតជាមានក្តីរំភើបរីករាយជាខ្លាំង ក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់លោកបាន ដំណើរការដោយជោគជ័យនៅក្នុងប្រទេសប្រេស៊ីល ទួរគី និងប្រទេសក្នុងតំបន់អាហ្វ្រិកចំនួនបួនទៀត។
 
លោក Ellis បានបន្តទៀតថា៖ “យើងបានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់ និងសហគមន៍ជាច្រើនអាច សម្របខ្លួនបានយ៉ាងឆាប់រហ័ស ជាមួយការប្រើប្រាស់ Electroneum ជារូបិយប័ណ្ណប្រចាំថ្ងៃ ហើយយើងក៏រំពឹងទុកថាវិស័យសហគ្រាស នៅក្នុងប្រទេសកម្ពុជានឹងអាចសម្របខ្លួន បានយ៉ាងឆាប់រហ័សដូចគ្នា” ។

កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត នៅអាស៊ីដែលមានក្រុមហ៊ុនទូរគមនាគមន៍ប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពឈានមុខគេ ដែលយើងពុំធ្លាប់បានជួបប្រទះកន្លងមក។
 
យើងប្រមើលមើលឃើញថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយ ក្នុងការធានានូវការរួមបញ្ចូលប្រទេសកម្ពុជា ទៅក្នុងសេដ្ឋកិច្ចសកលដ៏ធំសម្បើម ហើយក៏ដើម្បីផ្តល់ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ជាពិសេសយុវជន ដែលនឹងក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចឌីជីថល នាពេលអនាគតផងដែរ ៕

Most Popular

To Top