Event

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា ចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេ នៅកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ភីធីធី ដែលជាក្រុមហ៊ុនអន្តរជាតិ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងជួយជំរុញ ប្រតិបត្តិការអាជីវកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Songpon Thepnumsommanus នាយកគ្រប់គ្រង ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីក្រុមហ៊ុនទាំងពីរ និងធុរជនសំខាន់ៗ ផ្សេងទៀត បានចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខានេះ។

នៅក្នុងផ្នែកមួយ នៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត នឹងស្វែងរកឱកាស ដើម្បីសហការគ្នា អភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំង ប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន ភីធីធី។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ស្វាគមន៍ ចំពោះការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា និងទំនាក់ទំនងធុរកិច្ចដ៏ជិតស្និទ្ធនាពេលបន្តបន្ទាប់ទៀត។
អ្នកឧកញ៉ាក៏បានមានប្រសាសន៍ថា៖ « ពិធីចុះហត្ថលេខានេះ គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រ សម្រាប់ភាគីទាំងសងខាង និងជាជំហានដ៏សំខាន់ ឆ្ពោះទៅរកកិច្ចសហការ ធុរកិច្ចកាន់តែប្រសើរឡើង។»

លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បានមានប្រសាសន៍ថា ក្រុមហ៊ុន ភីធីធី ខេមបូឌា បានទន្ទឹងរង់ចាំការ សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

លោកបានថ្លែងថា « ពួកយើងពិតជារីករាយក្រៃលែង ដែលបានចុះ អនុស្សរណៈយោគយល់គ្នានេះ ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយយើងមានសេចក្តីរីករាយ ដែលបានចាប់ដៃគូ ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុន ពោរពេញទៅដោយជំនាញ ដែលនឹងជួយពង្រីកវត្តមាន របស់យើងនៅក្នុងប្រទេសបន្ថែមទៀត។»

លោកបានបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះបានសបញ្ជាក់ ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ភីធីធី ក្នុងការជំរុញប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ និងឈានទៅរក យុគសម័យឌីជីថល។»

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍចម្រុះ ដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។

ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ ដែលមានមូលដ្ឋាន នៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេងនៅលើទីផ្សារ និងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្ម ប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto។

ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើង នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែកុម្ភៈ នៅសាលចតុម្មុខ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា៕

Most Popular

To Top